បាល់ទាត់៖ ខ្សែបម្រើកូឡុំប៊ី James Rodriguez បានចូលលេងប្រកួតដំបូងឱ្យក្លិបថ្មីនៅទឹកដីកាតា Al Rayyan តែបានស្គាល់ត្រឹមបរាជ័យនៅទឹកដី Al Duhail នៃក្របខណ្ឌលីគកំពូលកាតា Qatar Star League។

នេះជាប្រកួតដំបូងរបស់កីឡាករវ័យ ៣០ឆ្នាំរូបនេះតាំងពីចាកចេញពី Everton ខែមុន តែទើបតែបានចូលលេងកាលពីថ្ងៃអាទិត្យម្សិលមិញនេះក្រោយជាពីរបួសសាច់ដុំ។ ក្រុមម្ចាស់ផ្ទះ Al Duhail រកបានពីរគ្រាប់ដំបូងបាល់ ១១ម៉ែត្ររបស់ Edmilson Junior និង Almoez Ali ក្នុងវគ្គទី១ មុនពេលដែល Michael Olunga រកបានគ្រាប់ទីបីនៅវគ្គទី២។ Al Duhail កំពុងឈរលេខ២ ក្នុងតារាងនៅពេលនេះមាន ១៥ពិន្ទុ ខណៈ Al Sadd កំពុងនាំមុខគេមាន ១៨ពិន្ទុ។
ចំណែក Al Rayyan កំពុងឈរលេខ៦ ក្នុងតារាងមានត្រឹម ៦ពិន្ទុប៉ុណ្ណោះ។ រំលឹកថា James Rodriguez បានចាកចេញពីក្លិបអង់គ្លេស Everton ចូលរួមជាមួយក្លិបកាតា Al Rayyan ក្នុងតម្លៃផ្ទេរបិទជិតមួយ បន្ទាប់ពីមិនមានតំណែងច្បាស់លាស់នៅទឹកដី Goodison Park តាំងពីការមកដល់របស់លោក Rafael Benitez ជំនួសតំណែងលោក Carlo Ancelotti ដែលចេញទៅ Real Madrid៕
អត្ថបទ៖នាង សុភាវុធ