ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលសេវានាំចេញ” (Export Service Center-ESC) ដើម្បីលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា ក៏ដូចជាដើម្បីពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោកជំទាវរដ្ឋមន្រ្តី ចម និម្មល។
នៅក្រោយចប់កម្មវិធីសម្ពោធ នៅថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការពង្រីកសក្ដានុពលផលិតផលជាតិទៅកាន់ទីផ្សារអន្តរជាតិ នឹងធ្វើឡើងតាមរយៈការជួយឱ្យអ្នកនាំចេញទទួលបាននូវការយល់ដឹងសំខាន់ៗ មានដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកាសក្នុងការបង្កើតបណ្តាញជាមួយនឹងអ្នកជំនាញ និងអ្នកទិញសក្ដានុពលនៅក្នុងទីផ្សារគោលដៅ។
ប្រភពដដែលនេះ បានលើកឡើងបន្តថា ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញនេះ គឺជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោលបំណងលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងជួយដល់ពាណិជ្ជករក្នុងការត្រៀមខ្លួនក្នុងការនាំចេញ ព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្តក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ៕






