ភ្នំពេញ ៖ ការចាក់បញ្ចាំងបញ្ចាំងភាពយន្តខ្លីរបស់មហោស្រពចតុមុខ «Chaktomuk Short Film Festival» នឹងត្រូវបើកសម្ពោធនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ តាមរយៈការចាក់បញ្ចាំងអនឡាញនៅលើ Facebook Pageផ្លូវការ របស់មហោស្រពភាពយន្តខ្លីចតុមុខ។
ឆ្នាំនេះជាលើកទី១០ ដែលមហោស្រពភាពយន្តខ្លីចតុមុខ បានរៀបចំកម្មវិធីប្រកួតភាពយន្តខ្លី នៅប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ផលិតករ សមិទ្ធិករ និងអ្នកដែលស្រឡាញ់វិស័យភាពយន្ត ទាំងក្នុង និងក្រៅប្រទេស។ CSFF (Chaktomuk Short Film Festival)ជាកម្មវិធីប្រកួតភាពយន្តខ្នាតខ្លីដំបូងនៅប្រទេសកម្ពុជា ដែលឱ្យតម្លៃដល់ស្នាដៃថ្មីរបស់យុវជនកម្ពុជា និងសមិទ្ធិករពីបរទេស។
សមិទ្ធផលក្នុងស្រុកដែលបានជ្រើសរើសសម្រាប់ប្រកួតផ្តាច់ព្រ័តនឹងត្រូវបានទទួលការវាយតម្លៃ ពីសំណាក់គណៈមេប្រយោគរបស់មហោស្រព ដែលមានជំនាញផ្សេងៗក្នុងវិស័យភាពយន្ត។ CSFFនៅឆ្នាំនេះ បានបន្ថែមប្រភេទវីដេអូដែលអាចផ្តល់ឱកាសដល់អ្នកដែលចំណូលនៅវិស័យភាពយន្តអាចធ្វើការបន្ថែមទៅលើប្រភេទវីដេអូ ដែលសមិទ្ធិករនានាចាប់អារម្មណ៍។
ប្រភេទវីដេអូ ដែលអាចចូលរួមនៅក្នុងការចាក់បញ្ចាំង រួមមាន ៖ ខ្សែភាពយន្តប្រឌិតខ្លី ភាពយន្តឯកសារខ្មែរខ្នាតខ្លី វីដេអូចម្រៀងខ្មែរ និងភាពយន្តអន្តរជាតិខ្លីប្រឌិត និងឯកសារ។ តាមប្រភេទនៃវីដេអូនីមួយៗដែលបានជាប់ជម្រើសចាក់បង្ហាញពីមហោស្រពចតុមុខលើកទី ១០។
ក្នុងសន្និសីទសារព័ត៌មានអំពីការចាក់បញ្ចាំងភាពយន្តខ្លី ក្នុងមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក ស៊ុ ស៊ីថែន ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២១ បានឲ្យដឹងថា ការប្រារព្ធកម្មវិធីនៅឆ្នាំនេះតាមរយៈអនឡាញបានបង្ហាញឱ្យឃើញថា ទោះនៅក្នុងបរិបទណាក៏ដោយ មហោស្រពភាពយន្តខ្លីចតុមុខ នៅតែព្យាយាមស្វះស្វែងក្នុងការរួមចំណែកមួយផ្សារភ្ជាប់វិស័យភាពយន្តខ្មែរទៅកាន់ទស្សនិកជន ទាំងក្នុងប្រទេស និងក្រៅប្រទេសឱ្យកៀកគ្នា ថ្វីបើនៅក្នុងបរិបទកូវីដ-១៩នេះ។
ទន្ទឹមគ្នានោះដែរលោក Lattapol Jirapathomsakul មន្ត្រីកម្មវិធី និងទំនាក់ទំនងរបស់ SEA Junction ដែលជាតំណាងអ្នកឧបត្ថម្ភ និងដៃគូមហោស្រពឆ្នាំនេះ បានមានប្រសាសន៍ថា នៅក្នុងបរិបទកូវីដ-១៩នេះ បានប៉ះពាល់ទៅដល់វិស័យជាច្រើន ដែលក្នុងនោះក៏មានវិស័យភាពយន្តផងដែរ។ ជាពិសេសផលិតករ សមិទ្ធិករ ទោះយ៉ាងណាមហោស្រពភាពយន្តខ្លីចតុមុខ បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តការងាររបស់ពួកគេទោះបី ជានៅក្នុងកាលៈទេសៈ លំបាកក្តី។
ជាមួយគ្នានោះដែរ ប្រធាននាយកដ្ឋាន សិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ប៉ុក បូរក្ស ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ថា នាយកដ្ឋានតែងតែ សម្តែងនូវការគាំទ្រទៅលើរាល់ការងាររបស់ក្រុមឈូករ័ត្នក្នុងការរៀបចំមហោស្រពភាពយន្តខ្លី ចតុមុខ។
តាំងពីឆ្នាំទី១ មកដល់ឆ្នាំនេះជាឆ្នាំទី១០ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែគាំទ្រ និងសហការជាមួយមហោស្រពភាពយន្តខ្លីចតុមុខ។ បញ្ហារីករាលដាលកូវីដ-១៩ បានជម្រុញអោយកម្មវិធីនេះ ប្រព្រឹត្តតាមរយៈអនឡាញ យើងមើលឃើញថា ឆន្ទៈ និងការស្រឡាញ់របស់យុវជនយើងនៅតែបន្តមានចំពោះការផលិតភាពយន្ត។
តាមរយៈរបាយការណ៍របស់មហោស្រពភាពយន្តខ្លីចតុមុខ បានសរបញ្ជាក់ថា ទោះបី ជាមានការប្រឈមនឹងបញ្ហាកូវីដ-១៩ ក្តី ប៉ុន្តែសមិទ្ធិករនៅតែបន្តផលិត ហើយក្រុមការងាររបស់ក្រុមឈូករ័ត្ន នៅតែបន្ត ការកិច្ចខំប្រឹងប្រែងរៀបចំឱ្យកម្មវិធី ចាក់បញ្ចាំងភាពយន្តក្នុងមហោស្រពភាពយន្តខ្លីចតុមុខនៅឆ្នាំនេះបានកើតឡើង។
CSFF ឆ្នាំនេះក៏មានការគាំទ្រពីស្ថាប័នក្នុងស្រុក៦គឺ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន Sabay News, FilmTalk Cambodia, Alien Express និងមូលនិធិ«ពន្លក» របស់អង្គការសិល្បៈខ្មែរអមតៈ ហើយក្រៅស្រុក២គឺ៖ SEA Junction និងculture360ផងដែរ។
សូមបញ្ជាក់ផងដែរថា មហោស្រពភាពយន្តខ្លីចតុមុខ ទោះបីមិនបានជួបជុំគ្នាដោយផ្ទាល់ក្តី ក៏មហោស្រពនៅមិនចោលកម្មវិធីជាទីរំភើប គឺការផ្តល់រង្វាន់ ដល់ជ័យលាភី ប្រចាំដូចខាងក្រោម៖
- ជ័យលាភីភាពយន្តខ្លីលេខ១ ក្នុងស្រុក រង្វាន់$1,000 ដាក់ពិន្ទុដោយមេប្រយោគ
- ជ័យលាភីភាពយន្តខ្លីលេខ២ ក្នុងស្រុក រង្វាន់$500 ដាក់ពិន្ទុដោយមេប្រយោគ
- រង្វាន់ជម្រើសទស្សនិកជន សម្រាប់រឿងខ្លីក្នុងស្រុក ទឹកប្រាក់$300 បោះឆ្នោតដោយទស្សនិកជនតាមGoogle Form
- រង្វាន់ជម្រើសទស្សនិកជនសម្រាប់រឿងខ្លីអន្តរជាតិ ទឹកប្រាក់$500 បោះឆ្នោតដោយទស្សនិកជនតាមGoogle Form៕
អត្ថបទ រដ្ឋា


