ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី៥ ខែវិច្ឆិកា) បានចោទប្រកាន់ប្រទេសទួរគីថា មានគំនិត «ស្អប់ខ្ពើម« បន្ទាប់ពីទីក្រុង Ankara បានដាក់លិខិតចុះហត្ថលេខាដោយប្រទេសចំនួន ៥២ អំពាវនាវឲ្យបញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែល ដោយសារសង្គ្រាម នៅតំបន់ហ្កាហ្សា។
ដោយប្រើពាក្យពេចន៍ក្នុងន័យប្រមាថ ដើម្បីពិពណ៌នាអំពីបណ្ដាប្រទេសអារ៉ាប់ដែលបានចុះហត្ថលេខា ក្នុងលិខិតនោះ លោកឯកអគ្គរដ្ឋទូត Danny Danon បាននិយាយថា៖ «តើមានអ្វីដែលអាចរំពឹងបានផ្សេងទៀតពីបណ្ដាប្រទេសដែលសកម្មភាពរបស់ពួកគេត្រូវបានជំរុញដោយគំនិតព្យាបាទស្អប់ខ្ពើម ពោលគឺជាការប៉ុនប៉ងបង្កើតជម្លោះដោយគាំទ្រដល់ប្រទេសអាក់ស៊ីសដ៏កាចសាហាវ»។
គួរបញ្ជាក់ថា ក្រសួងការបរទេសរបស់ទួរគី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បាននិយាយថា ខ្លួនបានដាក់លិខិតទៅកាន់ UN ដោយមានប្រទេសហត្ថលេខីជាច្រើន រួមមានសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការអ៊ិស្លាម។
អ៊ីស្រាអែលបានប្រឈមនឹងការរិះគន់ពីអន្តរជាតិ ចំពោះសង្រ្គាម នៅតំបន់ហ្កាហ្សា ជាកន្លែងដែលការវាយលុករបស់ខ្លួន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣.៣៧៤នាក់ ដែលភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមតួលេខរបស់ក្រសួងសុខាភិបាល ដែល UN ចាត់ទុកថាគួរឲ្យទុកចិត្តបាន។
លោក Danon បាននិយាយថា៖ «លិខិតនេះគឺជាភស្តុតាងបន្ថែមទៀត ដែលបង្ហាញថា អង្គការសហប្រជាជាតិត្រូវបានដឹកនាំដោយប្រទេសដ៏អាក្រក់មួយចំនួន និងមិនមែនដោយប្រទេសសេរីដែលគាំទ្រតម្លៃនៃយុត្តិធម៌ និងសីលធម៌នោះទេ»។
លិខិតរបស់ទួរគី ដែលសារព័ត៌មាន AFP បានឃើញ កាលពីថ្ងៃចន្ទនោះ បានចាត់ទុកការបង្កឲ្យមានចំនួនអ្នកស្លាប់របស់ជនស៊ីវិលដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះថា ជារឿង «មិនសមហេតុផល និងមិនអាចអត់ឱនឲ្យបានឡើយ»៕

