បើយោងតាមសេចក្ដីស្នើច្បាប់ ដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទ (ទី៤ ខែវិច្ឆិកា) ប្រទេសប៉ូឡូញ គ្រោងនឹងវិនិយោគ ៣ពាន់លានស្លូទី (៧៥០លានដុល្លារ) ដើម្បីជំរុញដល់ការផលិតគ្រាប់រំសេវ ក្នុងគោលបំណងធានាថា ខ្លួនមានការផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់ ក្នុងករណីមានការវាយប្រហារពីរុស្ស៊ី។
ចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំរបស់ខ្លួនលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ប៉ូឡូញ បានក្លាយជាប្រទេសចំណាយដ៏ធំបំផុតរបស់អង្គការណាតូ លើវិស័យការពារជាតិ ទាក់ទងនឹងទំហំសេដ្ឋកិច្ចរបស់ខ្លួន ដោយថវិកាឆ្នាំ២០២៥ បែងចែក ៤,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប ដើម្បីបំពេញគោលបំណងនេះ។
អមដោយការបង្ហាញពីតម្រូវការពិសេស ដើម្បីពង្រីកការផលិតក្នុងទំហំដ៏ធំ ក្នុងគោលបំណងជំរុញដល់សក្ដានុពលនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញ សេចក្ដីស្នើច្បាប់នោះ បានលើកឡើងថា៖ «សេចក្តីព្រាងច្បាប់នេះ មានគោលបំណងបង្កើតឱកាស ក្នុងការផ្តល់ហិរញ្ញប្បទាន សម្រាប់សកម្មភាពនានា ក្នុងគោលបំណងបង្កើនសមត្ថភាពផលិតគ្រាប់រំសេវ»។
ហើយបើយោងតាមគេហទំព័ររបស់ខ្លួន រដ្ឋាភិបាលមានបំណងអនុម័តសេចក្ដីស្នើច្បាប់នេះ ក្នុងអំឡុងត្រីមាសទី៤៕

