ក្រុមអ្នកតវ៉ានៅទីក្រុង Tel Aviv បានចេញធ្វើបាតុកម្ម ដោយបិទផ្លូវហាយវ៉េ និងដុតភ្លើង កាលពីថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ចេញពីតំណែង។

ការិយាល័យរបស់លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយលើកឡើងពីវិបត្តិនៃសេចក្តីទុកចិត្ត ទាក់ទងទៅនឹងការគ្រប់គ្រងប្រតិបត្តិការយោធាដែលនៅបន្តរបស់អ៊ីស្រាអែល លោក Netanyahu បានដាក់ជំនួសលោក Gallant ដោយលោក Israel Katz ដែលពីមុនជារដ្ឋមន្ត្រីការបរទេស ខណៈលោក Gideon Saar ចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេស។
សមាជិកគ្រួសារចំណាប់ខ្មាំង លោក Zahir Shahar Mor ដែលគិតថាការបណ្តេញចេញនេះ គឺជាទង្វើក្បត់ដោយរដ្ឋាភិបាលចំពោះចំណាប់ខ្មាំងនិងពលរដ្ឋអ៊ីស្រាអែល បាននិយាយថា «យប់នេះ គឺជាការផ្ទុះកំហឹងដោយការស្ម័គ្រចិត្ត» ។
លោក Netanyahu បាននិយាយថា ហួសពីការយល់ឃើញខុសៗគ្នា ដែលវិបត្តិនៃសេចក្តីទុកចិត្ត បានបើកចំហរជាបន្តបន្ទាប់ ហើយវិបត្តិនេះមិនអនុញ្ញាតឱ្យនៅបន្តចំពោះការគ្រប់គ្រងយុទ្ធនាការឡើយ។
លោក Netanyahu បាននិយាយបន្ថែមថា លោក បានព្យាយាមផ្សារភ្ជាប់ចន្លោះប្រហោង ប៉ុន្តែពួកគេ «នៅបន្តធ្វើឲ្យកាន់តែរីកធំឡើង»។