ដោយដកស្រង់សម្តីពីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ ដែលសុទ្ធតែនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូចគ្នា សារព័ត៌មាន New York Times (NYT) កាលពីល្ងាចថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) បានរាយការណ៍ថា ទាហានកូរ៉េខាងជើងបានចាប់ផ្ដើមចូលរួមក្នុងការប៉ះទង្គិចគ្នាទល់នឹងកងកម្លាំងអ៊ុយក្រែន ដែលកំពុងប្រយុទ្ធនៅក្នុងតំបន់ Kursk របស់រុស្ស៊ី។

មន្ត្រីអ៊ុយក្រែនបានប្រាប់សារព័ត៌មាននេះថា ការចូលរួមនេះមានកំណត់ ហើយទំនងជាចង់ស៊ើបពីចន្លោះប្រហោង ក្នុងខ្សែត្រៀមជួរមុខរបស់អ៊ុយក្រែន។ មន្ត្រីអ៊ុយក្រែនរូបនោះបានបន្ថែមថា ទាហានកូរ៉េខាងជើងបានប្រយុទ្ធរួមគ្នាជាមួយកងពលតូចថ្មើរជើងកងទ័ពជើងទឹក ៨១០ របស់រុស្ស៊ី។ តែយ៉ាងណាក្ដី សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍របស់សារព័ត៌មាន NYT នេះបានឡើយ។

ពាក់ព័ន្ធនឹងរបាយការណ៍នេះ ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក្រសួងការពារជាតិអ៊ុយក្រែន ក្រសួងការពារជាតិរុស្ស៊ី មន្ទីរបញ្ចកោណ និងក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំធ្វើអត្ថាធិប្បាយពីសារព័ត៌មាន Reuters។
គួរបញ្ជាក់ថា មន្ទីរបញ្ចកោណបានឲ្យដឹងកាលពីថ្ងៃចន្ទថា មានទាហានកូរ៉េខាងជើងយ៉ាងហោចណាស់ ១០.០០០នាក់ នៅក្នុងទីក្រុង Kursk របស់រុស្ស៊ី ប៉ុន្តែមិនអាចបញ្ជាក់ពីរបាយការណ៍ដែលថា ទាហានទាំងនោះបានចូលរួមក្នុងការប្រយុទ្ធនោះឡើយ៕