រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយីដ អាបាស អារ៉ាជី (Seyed Abbas Araghchi) កាលពីថ្ងៃអង្គារ បានជំរុញឲ្យសហភាពអឺរ៉ុប (EU) ដកទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ជុំវិញការចោទប្រកាន់ថា ទីក្រុងអេរ៉ង់ បានបញ្ជូន មីស៊ីលទៅកាន់ប្រទេសរុស្ស៊ី។

លោកបានធ្វើការអត្ថាធិប្បាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ក្នុងការឆ្លើយតបទៅនឹងការលើក ឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) កាលពីថ្ងៃចន្ទដោយនិយាយថា អ៊ីរ៉ង់មិនទាន់បានបញ្ជូនមីស៊ីលទៅកាន់ប្រទេសរុស្ស៊ី នៅឡើយទេ។

លោក អារ៉ាជី បាននិយាយថា៖«នាពេលថ្មីៗនេះ សហភាពអឺរ៉ុប (EU) បានកំណត់គោលដៅលើប្រជាជន អ៊ីរ៉ង់ធម្មតា និងអ្នកធ្វើដំណើរផ្សេងទៀត ដោយហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍របស់យើងពីអឺរ៉ុប» ដោយបន្ថែមថា « EU បានធ្វើដូច្នេះ ដោយផ្អែកលើការអះអាងមិនពិតដែលថា អ៊ីរ៉ង់បានបញ្ជូនមីស៊ីលបាលីស្ទីកទៅឲ្យប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន»។
លោកបានថ្លែងថា៖«បច្ចុប្បន្ន សូម្បីតែលោកប្រធានាធិបតី ហ្សេឡិនស្គី ខ្លួនឯង ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ពុំមានមីស៊ីលរបស់អ៊ីរ៉ង់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីនោះទេ»។
លោក អារ៉ាជី បានសង្កត់ធ្ងន់ថា វាដល់ពេលវេលាសម្រាប់សហភាពអឺរ៉ុប ដើម្បី «បញ្ចប់ទង្វើមិនទៀងត្រង់បែបនេះ» ដោយកត់សម្គាល់ថា ការកំណត់គោលដៅរបស់ប្រជាជនអ៊ីរ៉ង់ធម្មតា ដោយពុំមានអ្វីជាអំណះអំណាងច្បាស់លាស់ គឺ«អសីលធម៌ និងពិតជាខុសទាំងស្រុង »ហើយត្រូវតែផ្លាស់ប្តូរជាបន្ទាន់។