កូនដំរីព្រៃមួយក្បាល ត្រូវបានប្រទះឃើញនៅឯព្រៃជិតចម្ការរបស់ប្រជាសហគមន៍ នៅក្នុងភូមិពូ ត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កូនដំរីនេះ ត្រូវបានប្រទះឃើញនៅដាច់ពីហ្វូងប្រហែលជិតពីរសប្តាហ៍មកហើយ គិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះ នាថ្ងៃទី២ ខែវិច្ឆិកា នេះ។ នេះបើតាម ការឱ្យដឹងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia ។

ក្រោយទទួលបានដំណឹង ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានចុះពិនិត្យ និងតាមដានស្ថានភាពកូនដំរីព្រៃមួយក្បាលនេះ ដែលមានស្ថានភាពស្គម និងបាក់ទឹកដោះ។ ក្រុមការងារ អង្គការ WCS បានសហការជាមួយក្រុមការងារអង្គការ WWF, WA ផ្តល់ចំណី និងទឹកដោះគោ ដើម្បីអាចឱ្យ កូនដំរីនេះមានកម្លាំង និងអាហារគ្រប់គ្រាន់ ។ កូនដំរីនេះ មានអាយុប្រហែលពីរឆ្នាំ និងទម្ងន់ប្រមាណបីរយ គីឡូក្រាម ដែលជាវ័យត្រូវទទួលបានការបំបៅ និងបណ្តើរដោយមេរបស់វា។ ប៉ុន្តែវាជាករណីកម្រ ដែលកូនដំរី នេះ ត្រូវបានទុកឱ្យនៅតែឯង ។ ក្រោយរង់ចាំអស់រយៈពេលបួនថ្ងៃ ដោយមិនឃើញហ្វូងរបស់វាមកយកវិញ នោះ ក្រុមការងារពាក់ព័ន្ធបានពិភាក្សា និងសម្រេចថាមិនអាចបន្តទុកកូនដំរីនេះឱ្យនៅតែឯងដោយមិនមាន មេនៅជិតបន្តទៀតបានទេ។ ហេតុដូចនេះ ក្រុមការងារ (WCS Cambodia) បានទាក់ទងទៅក្រុមការងារ សង្គ្រោះសត្វព្រៃ នៃមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីធ្វើការសង្គ្រោះកូនដំរីនេះ និងបញ្ជូនទៅមជ្ឈ មណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដើម្បីធ្វើការបំប៉ន និងមើលថែរក្សា ។

WCS បានបញ្ជាក់ថា សកម្មភាពសង្គ្រោះកូនដំរីនេះ ត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃ ទី៣ ខែវិច្ឆិកា នេះ ដោយមានការចូលរួមសហការពីអង្គការ WCS, WWF, WA, រដ្ឋបាលព្រៃឈើ ក្រុមការងារ សង្គ្រោះសត្វព្រៃនៃមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្ស នៃដែន ជម្រកសត្វព្រៃកែវសីមា និងដែនជម្រកសត្វព្រៃភ្នំព្រិច សហគមន៍ល្បាត និងប្រជាសហគមន៍មូលដ្ឋាន ប្រ មាណជិត៣០នាក់។ ទោះបីជាស្ថានភាពទីតាំងក្នុងការជួយសង្គ្រោះមានភាពលំបាក ដោយសារជាភូមិសាស្ត្រ តំបន់ភ្នំ និងជាប់ជាមួយព្រៃក្រាស់ ដែលអាចងាយប្រឈមនឹងឧបសគ្គផ្សេងៗ ក្រុមការងារសង្គ្រោះ នៅតែរិះរក វិធីសាស្រ្តដើម្បីជួយសង្គ្រោះកូនដំរីព្រៃមួយក្បាលនេះដោយមិនរួញរាឡើយ ។ ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ កូនដំរីព្រៃមួយក្បាលនេះ ត្រូវបានសង្គ្រោះដោយជោគជ័យ និងបញ្ជូនដល់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដោយសុវត្ថិភាព នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា នេះ ។ ជោគជ័យក្នុងការជួយសង្គ្រោះនេះ បានសបញ្ជាក់ពីការយក ចិត្តទុកដាក់ពីក្រុមការងារគ្រប់ជាន់ថ្នាក់ ស្ថាប័នរដ្ឋ អង្គការដៃគូ និងប្រជាសហគមន៍មូលដ្ឋាន លើកិច្ចការងារ អភិរក្សធនធានធម្មជាតិ សត្វព្រៃ និងព្រៃឈើ ដែលជាសម្បត្តិដ៏មហាសាលមិនអាចកាត់ថ្លៃបាន ។

អង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia សូមថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុម ការងារទាំងអស់ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការជួយសង្គ្រោះកូនដំរីព្រៃមួយក្បាលនេះហើយ យើងនឹងប្តេជ្ញាបន្តកិច្ចសហការល្អនេះជាមួយភាគីពាក់ព័ន្ធបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការងារអភិរក្សធន ធានធម្មជាតិទទួលបានជោគជ័យ និងទុកជាកេរដំណែលដល់អ្នកជំនាន់ក្រោយ៕




