បាល់ទាត់៖ ក្រុមបាល់ទាត់កូរ៉េទាំងពីរ Ulsan Hyundai និង Pohang Steelers សុទ្ធតែបានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ក្លិបកំពូលអាស៊ី AFC Champions League។ Ulsan Hyundai ដែលជាអតីតជើងឯកពីរសម័យ និងជាក្រុមការពារតំណែងជើងឯកបានយកឈ្នះមិត្តរួមលីគកូរ៉េ Jeonbuk Hyundai Motors ទាំងប្រផិតប្រផើយនៅម៉ោងបន្ថែម ១៥នាទី ២ដង។

Ulsan ដែលមានឯកសណ្ឋានពណ៌សបាននាំមុខមុននៅនាទីទី១៣ ដោយ Valeri Qazaishvili មុនពេលដែល Jeonbuk តាមស្មើវិញនៅនាទីទី៣៩ ដោយ Kim Bo-Kyung។ តែមុនចប់វគ្គទី១ នាទីទី៤៥+១ ទៅហើយ Yun Il-Lok ក៏ស៊ុតនាំមុខឱ្យ Ulsan សារជាថ្មី។ ចូលវគ្គទី២ ជាថ្មីម្តងទៀត Jeonbuk ក៏តាមស្មើបានទៀតនៅនាទីទី៤៨ ដោយ Takahiro Kunimoto ខណៈលទ្ធផល ២-២ នេះរក្សាដល់ចប់ ៩០នាទី។ នៅក្នុងម៉ោងបន្ថែម ១៥នាទីលើកទី១ ត្រឹមនាទីទី១០១ Ulsan Hyundai ក៏រកបានគ្រាប់ជ័យជំនះដោយការស៊ុតពីចំងាយយ៉ាងអស្ចារ្យរបស់ Lee Dong-Gyeong។ ជ័យជំនះនេះធ្វើឱ្យ Ulsan Hyundai បន្តដំណើរការពារជើងឯករបស់ខ្លួនដោយនឹងត្រូវជួបជាមួយមិត្តរួមលីគកូរ៉េមួយទៀតគឺ Pohang Steelers។

Pohang Steelers ដែលជាអតីតជើងឯក ACL នេះ ៣លើកបានបំបាក់ក្រុមជប៉ុន Nagoya Grampus ៣-០ នៅថ្ងៃអាទិត្យម្សិលមិញផងដែរ ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងរយៈពេល ១២ឆ្នាំ។ បីគ្រាប់របស់ Pohang Steelers ត្រូវរង់ចាំដល់វគ្គទី២ ពោលគឺគ្រាប់ដំបូងនៅនាទីទី៥៣ ដោយ Lim Sang-hyub គ្រាប់ទីពីរនាទីទី៧០ ដោយ Lee Seung-Mo និងគ្រាប់ចុងក្រោយដោយ Lim Sang-hyub ដដែលនាទីទី៩0+៥។ Ulsan Hyundai និង Pohang Steelers នឹងត្រូវជួបគ្នានៅថ្ងៃពុធនេះ ដើម្បីកៅអីនៅវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមមកពីអាស៊ីខាងលិចរវាង Al-Nassr និង Al Hilal មកពីអារ៉ាប៊ីសាអ៊ូឌីតដូចគ្នាជួបគ្នានៅថ្ងៃអង្គារ ទី១៩ ស្អែកនេះ៕
អត្ថបទ៖នាង សុភាវុធ