ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់ បាននាំគ្នាចេញមកតវ៉ា បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបណ្ដេញរដ្ឋមន្ត្រីការពារជាតិរបស់លោកចេញពីតំណែង ដោយទាមទារឲ្យរដ្ឋាភិបាលធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីនាំយកចំណាប់ថ្នូរដែលជាប់ឃុំខ្លួន នៅតំបន់ហ្កាហ្សាត្រឡប់មកផ្ទះសម្បែងរបស់ពួកគេវិញ។
បាតុកម្មនេះបានផ្ទុះឡើងភ្លាមៗបន្ទាប់ពីការិយាល័យរបស់លោក Netanyahu បានប្រកាសពីការបណ្តេញលោក Yoav Gallant កាលពីថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) ដោយសារតែមានការខ្វែងគំនិតជាសាធារណៈ ជុំវិញសង្គ្រាមជាមួយក្រុមហាម៉ាស។
ការដកមេគំនិតដ៏ធំ ក្នុងការធ្វើសង្រ្គាមជាមួយក្រុមហេសបូឡា នៅលីបង់ គឺលោក Gallant ដែលបានជំរុញឲ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សានោះ កើតមានឡើងស្របពេលជាមួយនឹងការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រយោធាដ៏ធំជាងគេបំផុតរបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា លោក Netanyahu និងលោក Gallant បានប៉ះទង្គិចគ្នាជាញឹកញាប់ ជុំវិញការវាយលុកដោយកម្លាំងយោធារបស់អ៊ីស្រាអែល ដើម្បីសងសឹកជាមួយក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះបានវាយប្រហារបង្ហូរឈាមលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
អមដោយការបន្ថែមថា រដ្ឋមន្ត្រីការបរទេស លោក Israel Katz នឹងចូលកាន់តំណែងនេះនោះ ការិយាល័យរបស់លោក Netanyahu បានប្រាប់ថា៖ «ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ការជឿទុកចិត្តបានថមថយចុះ។ ទាក់ទិននឹងបញ្ហានេះ ខ្ញុំ (លោក Netanyahu) បានសម្រេចថ្ងៃនេះបញ្ចប់អាណត្តិរបស់រដ្ឋមន្ត្រីការពារជាតិ»៕