ស្របពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ចប់ដោយបេក្ខជនមកពីគណបក្សសាធារណរដ្ឋជាអ្នកឈ្នះ ប្រជាពលរដ្ឋនៅក្នុងទីក្រុងគីវ សង្ឃឹមថា ជំនួយយោធានៅតែបន្តសម្រាប់អ៊ុយក្រែន ហើយពួកគេចង់ដឹងថាតើ លោក Donald Trumpនឹងបញ្ឈប់សង្រ្គាមមួយនេះ តាមវិធីណា ។
លោក Oleksii Iarokha វ័យ ៤១ឆ្នាំ គឺជាពលរដ្ឋអ៊ុយក្រែនមួយរូបរស់នៅក្នុងទីក្រុងគីវ និយាយថា អ្វីទាំងអស់ដែលពួកយើងទន្ទឹងរង់ចាំនោះ គឺរឿងមួយគត់ គឺការបញ្ឈប់សង្រ្គាម ដូចដែលលោក Trumpបានសន្យានឹងបញ្ឈប់សង្រ្គាមត្រឹមរយៈពេល ១ថ្ងៃ ពួកយើងទាំងអស់គ្នា កំពុងទន្ទឹងរង់ចាំវា ។
លោកបន្តថា ពួកយើងរង់ចាំចំណាត់ការភ្លាមៗមួយនេះ បញ្ឈប់សង្រ្គាមត្រឹមរយៈពេល ១ថ្ងៃ ។ វាអាចជាថ្ងៃនេះ ឬថ្ងៃស្អែក ពួកយើងអាចរង់ចាំវារហូតដល់ថ្ងៃសុក្រ ។ អ្នកជាប្រធានាធិបតី សូមធ្វើវាឲ្យបាន លោក Trump ។
នៅថ្ងៃពុធនេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអបអរសាទរលោក Donald Trump សម្រាប់ការឈ្នះឆ្នោតរបស់លោក ដោយលោកនិយាយថា វិធីសាស្រ្តសន្តិភាពតាមរយៈកម្លាំងរបស់លោក អាចនឹងនាំយកសន្តិភាពដ៏យុត្តិធម៌ ជិតដល់អ៊ុយក្រែន ៕