នៅពេលដែល លោក Donald Trump កាន់តំណែងនៅក្នុងសេតវិមាន លោកបានបន្តគោលនយោបាយ «សម្ពាធខ្លាំងបំផុត» ប្រឆាំងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ រួមទាំងការដាក់ទណ្ឌកម្ម។

នៅពេលនេះ លោកនឹងចាប់ផ្តើមកាន់តំណែងក្នុងអាណត្តិមួយទៀតជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែមករា ការព្រួយបារម្ភកំពុងកើនឡើងនៅក្នុងទីក្រុងតេអេរ៉ង់ ដែលនឹងមានរឿងរ៉ាវដូចគ្នានោះកាន់តែច្រើនឡើង។

ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump សហរដ្ឋអាមេរិក បានសម្លាប់ឧត្តមសេនីយ៍កងឆ្មាំបដិវត្តន៍អ៊ីស្លាមគួរឱ្យគោរពម្នាក់ នៅក្នុងការវាយប្រហារតាមអាកាសលើអាកាសយានដ្ឋានទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់។ ប្រវតិ្តសាស្រ្តបែបនេះ រវាងសត្រូវដ៏យូរលង់ទាំងពីរ បានបោះស្រមោលដ៏ងងឹត លើការរំពឹងទុកនៃទំនាក់ទំនងឲ្យប្រសើរឡើង។
លោក Bashir Abbaspour អាយុ ៣៧ ឆ្នាំ បម្រើការនៅក្រុមហ៊ុនឯកជនមួយ បាននិយាយថា វានឹងមានផលប៉ះពាល់ខ្លាំងសម្រាប់អ៊ីរ៉ង់ ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលព័ត៌មានបានផ្ទុះឡើងកាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា ជុំវិញជ័យជម្នះរបស់លោក Trump ។
ជ័យជម្នះរបស់លោក បានកើតមានឡើងក្នុងពេលដែលតំបន់មជ្ឈិមបូព៌ាជួបភាពវឹកវរ បន្ទាប់ពីការផ្ទុះសង្រ្គាមនៅតំបន់ហ្កាហ្សា ក្នុងខែតុលាឆ្នាំ២០២៣ បង្កឡើងដោយការវាយប្រហារមិនធ្លាប់មាន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនគាំទ្រដោយអ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល។
សង្គ្រាមនេះ ក៏បានរាលដាលដល់ប្រទេសលីបង់ ជាកន្លែងដែលអ៊ីស្រាអែល កំពុងប្រយុទ្ធជាមួយក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តមួយផ្សេងទៀតរបស់អ៊ីរ៉ង់ ។
ប្រជាជនអ៊ីរ៉ង់ ចងចាំបានល្អបំផុតចំពោះលោក Trump សម្រាប់យុទ្ធនាការរបស់លោក ជុំវិញការដាក់ទណ្ឌកម្មកាន់តែខ្លាំង និងការដកខ្លួនចេញរបស់ទីក្រុងវ៉ាស៊ីនតោនឆ្នាំ២០១៨ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់ ដែលផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មដល់ទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការទប់ស្កាត់លើមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។