រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយីដ អាបាស អារ៉ាជី (Seyed Abbas Araghchi) បាននិយាយកាលពីថ្ងៃពុធថា ទាំងអ៊ីរ៉ង់ និងប៉ាគីស្ថាន ជឿថា ក្រុម «ភេរវករ» ដែលធ្វើប្រតិបត្តិការនៅតាមព្រំដែនរួម មានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA។
របាយការណ៍ បានឲ្យដឹងថា លោកបានធ្វើការអត្ថាធិប្បាយនៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាននៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ខណៈពេលដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់អ៊ីរ៉ង់ និងប៉ាគីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
លោក អារ៉ាជី បានកត់សម្គាល់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី ២៦ ខែតុលា ហើយនៅថ្ងៃដដែលនោះ ក្រុម «ភេរវករ» បានសម្លាប់សមាជិក ១០នាក់របស់ កងកម្លាំងអនុវត្តច្បាប់របស់អ៊ីរ៉ង់ នៅក្នុងខេត្ត Sistan និង Baluchestan ភាគអាគ្នេយ៍ ដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធនិងការសម្របសម្រួលរវាងអ៊ីស្រាអែល និង «ក្រុមភេរវករ»។
ដោយមានព្រំដែនជាប់ជាមួយប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ខេត្ត Sistan និង Baluchestan បានឃើញការវាយប្រហារភេរវកម្មជាច្រើនលើទាំងជនស៊ីវិល និងកងកម្លាំងសន្តិសុខ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។
លោក អារ៉ាជី បានសង្កត់ធ្ងន់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក អ៊ីរ៉ង់ និងប៉ាគីស្ថាន បានសម្រេចចិត្តបង្កើនសកម្មភាពរួមគ្នាប្រឆាំងនឹងក្រុម «ភេរវករ» ទាំងនោះ។ លោកបានបន្ថែមថា ភាគីទាំងពីរ ក៏បានឯកភាពថា ការវាយប្រហាររបស់អ៊ីស្រាអែល និង «ឧក្រិដ្ឋកម្ម» ប្រឆាំងនឹងតំបន់ហ្កាហ្សាស្ទ្រីប និងលីបង់ ត្រូវបញ្ឈប់។