ជនអន្តោប្រវេសន៍វេណេស៊ុយអេឡានៅទីក្រុង Mexico City បានអំពាវនាវដោយផ្ទាល់ទៅកាន់ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក លោក Donald Trump សុំចូលសហរដ្ឋអាមេរិកក្នុងក្តីសង្ឃឹមថាជីវិតរបស់ពួកគេនឹងប្រសើរឡើង។

ជនអន្តោប្រវេសន៍ទាំងនេះ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងជំរំបណ្ដោះអាសន្នមួយកន្លែងនៅភាគខាងជើងរដ្ឋធានីរបស់ប្រទេសម៉ិកស៊ិក បានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេសម្រាប់គោលនយោបាយសុំសិទ្ធិជ្រកកោនដោយក្តីមេត្តា ដែលនឹងផ្តល់ឱ្យពួកគេបានចូលទៅក្នុងសហរដ្ឋអាមេរិក។

អ្នកទាំងឡាយនោះ ដែលភៀសខ្លួនចេញពីអស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ក្នុងប្រទេសវេណេស៊ុយអេឡា បានបង្ហាញការព្រួយបារម្ភពីបញ្ហាប្រឈមនៃការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកកាន់តែតឹងរ៉ឹងជាងនេះ ខណៈរដ្ឋបាលរបស់ លោក Trump អាចពង្រឹងសន្តិសុខនៅព្រំដែន និងកំណត់ជម្រើសសម្រាប់ការសុំសិទ្ធិជ្រកកោន។
លោក Trump ទទួលបានជ័យជម្នះក្នុងរបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីយុទ្ធនាការមួយដែលបានសន្យាថា នឹងនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារទ្រង់ទ្រាយធំ និងការបញ្ជូនត្រឡប់ទៅវិញភ្លាមៗទៅកាន់ប្រទេសម៉ិកស៊ិក។
គោលនយោបាយអន្តោប្រវេសន៍ ដែលបានស្នើឡើងរបស់លោក ក៏រួមបញ្ចូលផងដែរនូវការបញ្ចប់សិទ្ធិជាពលរដ្ឋពីកំណើតសម្រាប់កុមារនៃជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ។