ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រ (០៨ វិច្ឆិកា) សប្ដាហ៍នេះថា ខ្លួននឹងផ្តល់រង្វាន់រាប់ពាន់ដុល្លារ សម្រាប់ការប្រទះឃើញសកម្មភាពរបស់ចិននៅសមុទ្រ រួមទាំងនាវាចម្បាំង ឬនាវាមុជទឹក ដោយនិយាយថាខ្លួនកំពុងប្រើប្រាស់ "អំណាចប្រជាជន" ដើម្បីបង្កើនកម្លាំងពលកម្មដែលមានកម្រិតរបស់ខ្លួន។

កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ នៃការបង្កើនសកម្មភាពយោធារបស់ចិន ហើយឆ្មាំល្បាតឆ្នេរតៃវ៉ាន់ បានចូលរួមកាន់តែខ្លាំងឡើងក្នុងការល្បាតតំបន់សមុទ្រ។
អាជ្ញាធរតៃវ៉ាន់ និយាយថា រង្វាន់ខ្ពស់បំផុតចំនួន ២០០.០០០ដុល្លារតៃវ៉ាន់ ឬប្រហែលនឹង ៦.២៤៥ដុល្លារអាមេរិក នឹងឱ្យដល់អ្នកដែលរាយការណ៍ពីសកម្មភាពមិនប្រក្រតីនានានៅតាមសមុទ្រដូចជាឃាតកម្ម ឬការចាប់មនុស្ស ខណៈអ្នករាយការណ៍ពីការចូលដោយខុសច្បាប់របស់ជនជាតិចិន នឹងទទួលបាន ៥០.០០០ដុល្លារតៃវ៉ាន់។

ឆ្មាំល្បាតឆ្នេររបស់កោះស្វ័យគ្រប់គ្រងមួយនេះតែងទទួលបានការរិះគន់ចំពោះការខកខានមិនប្រទះឃើញករណីជនជាតិចិនមួយចំនួនឆ្លងកាត់ច្រកសមុទ្រ និងចូលចតនៅលើកោះ ដែលភាគច្រើនប្រើប្រាស់ទូកតូចៗដែលពិបាកចាប់សញ្ញាក្នុងរ៉ាដា៕