ការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅខាងក្រៅស្ថានីយ៍កណ្តាលទីក្រុងអាំស្ទែដាំ(Amsterdam) ប្រទេសហូឡង់ នៅព្រឹកព្រលឹមថ្ងៃសុក្រ ទី៨ ខែវិច្ឆិកានេះ ជាអ្វីដែលអាជ្ញាធរអ៊ីស្រាអែល និយាយថា គឺជាការវាយប្រហារមួយដាក់គោលដៅទៅលើពលរដ្ឋអ៊ីស្រាអែល។

ស្ថានទូតអ៊ីស្រាអែល ប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X. ថា អ្នកគាំទ្រក្រុមបាល់ទាត់ Maccabi Tel Aviv របស់អ៊ីស្រាអែល ត្រូវបាន ស្ទាក់វាយប្រហារ នៅពេលពួកគេចាកចេញពីពហុកីឡដ្ឋាន បន្ទាប់ពីការប្រកួតជាមួយក្រុម Ajax របស់ប្រទេសហូឡង់។
វីដេអូមួយ បានបង្ហាញពីបុរសមួយក្រុម បានរត់និងឆ្លងកាត់ផ្លូវមួយ ខណៈពួកគេបានដេញបុរសមួយក្រុមផ្សេងទៀត និងបានវាយពួកគេ។
សារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ពីទីតាំងនៃរូបភាពវីដេអូ ស្តីពីរចនាសម្ព័ន្ធអគារ លក្ខណៈអគារ ស្លាកសញ្ញាផ្លូវ បង្គោលភ្លើង និងភ្លើងបំភ្លឺផ្លូវ ដែលបានឃើញក្នុងវីដេអូ ដែលស្របគ្នាទៅនឹងឯកសារ និងរូបភាពផ្កាយរណប។