អាជ្ញាធរ បាននិយាយថា ការដាច់ចរន្តបច្ចេកទេស បានធ្វើឱ្យជាប់គាំងនៅអាកាសយានដ្ឋានធំៗទាំងអស់របស់ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកានេះ ដែលនាំឱ្យមានការតម្រង់ជួរដ៏វែងនៅស្ថានីយអន្តរជាតិ បន្ទាប់ពីការរំខាននៅបញ្ជរស្វ័យប្រវត្តិសម្រាប់ការកំណត់អត្តសញ្ញាណ និងការសម្គាល់មុខ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងព្រំដែនប្រទេសអូស្ត្រាលី (ABF) បាននិយាយថា បុគ្គលិកអន្តោប្រវេសន៍ ត្រូវបានដាក់បន្ថែមចំពោះអ្នកដំណើរដែលត្រូវពិនិត្យដោយផ្ទាល់ ខណៈបញ្ហានេះ កំពុងត្រូវបានដោះស្រាយ ហើយប្រព័ន្ធកំពុងត្រឡប់មកវិញជាបណ្តើរៗលើបណ្តាញអ៊ីនធឺណិត។

អ្នកនាំពាក្យ បាននិយាយតាមសារអេឡិចត្រូនិកថា គ្មានជើងហោះហើរណាមួយ បានរងប៉ះពាល់នៅឯអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ប្រទេសអូស្ត្រាលី ក្នុងទីក្រុងស៊ីដនី នោះទេ ប៉ុន្តែបាននិយាយបន្ថែមថា ការតម្រង់ជួរចូល និងចេញ គឺវែងជាងធម្មតា។

នៅក្នុងការធ្វើបច្ចុប្បន្នភាព កងកម្លាំងព្រំដែនប្រទេសអូស្ត្រាលី (ABF) បាននិយាយថា ខ្លួនបាននឹងកំពុងធ្វើការដើម្បីស្ដារឡើងវិញនូវការដាច់ចរន្តបច្ចេកទេសដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរទាំងក្នុង និងក្រៅប្រទេស នៅអាកាសយានដ្ឋានអន្តរជាតិ នៅទូទាំងប្រទេស នៅព្រឹកថ្ងៃសុក្រនេះ។
កងកម្លាំងព្រំដែនប្រទេសអូស្ត្រាលី (ABF) និយាយថា បញ្ហានេះត្រូវបានដោះស្រាយនៅពេលថ្ងៃត្រង់ ហើយមូលហេតុនៃបញ្ហាបច្ចេកទេស នៅតែស្ថិតក្រោមការស៊ើបអង្កេត។