ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែន គួរតែរក្សាជំហរ អព្យាក្រឹតសម្រាប់ទីនោះ ដើម្បីមានឱកាសសន្តិភាព ដោយបន្ថែមថា ព្រំដែនអ៊ុយក្រែន គួរតែស្របតាមការចង់បានរបស់ប្រជាជនដែលរស់នៅក្នុងទឹកដីដែលអះអាងទាមទារដោយរុស្ស៊ី។

លោក ពូទីន បាននិយាយថា៖«ប្រសិនបើមិនមានអព្យាក្រឹតភាពទេ វាពិតជាលំបាកណាស់ក្នុងការស្រមៃថា នឹងមានទំនាក់ទំនងជាអ្នកជិតខាងល្អរវាងរុស្ស៊ី និងអ៊ុយក្រែន»។
លោក ពូទីន បានបន្តថា រុស្ស៊ីបានទទួលស្គាល់ព្រំដែនក្រោយសូវៀតរបស់អ៊ុយក្រែន ដោយផ្អែកលើការយល់ថា វានឹងមានភាពអព្យាក្រឹត។ សម្ព័ន្ធយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក បាននិយាយម្តងហើយម្តងទៀតថា អ៊ុយក្រែននឹងចូលរួម នៅថ្ងៃណាមួយ។
លោក ពូទីន បានបញ្ជាក់ថា ប្រសិនបើអ៊ុយក្រែន មិនមានអព្យាក្រឹតទេ ប្រទេសនេះ នឹងត្រូវបានគេ«ប្រើប្រាស់ឥតឈប់ឈរ ជាឧបករណ៍នៅក្នុងផ្លូវខុស និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហព័ន្ធ រុស្ស៊ី»។
ប្រទេសរុស្ស៊ី គ្រប់គ្រងប្រហែលមួយភាគប្រាំនៃអ៊ុយក្រែន បន្ទាប់ពីសង្គ្រាមជាង ២ ឆ្នាំកន្លះ។
កាលពីថ្ងៃទី ១៤ ខែមិថុនា លោក ពូទីន បានកំណត់លក្ខខណ្ឌរបស់លោកសម្រាប់ការបញ្ចប់ជម្លោះ៖ អ៊ុយក្រែន នឹងត្រូវទម្លាក់ចោលមហិច្ឆតារបស់ខ្លួន ក្នុងចូលរួមជាមួយអង្គការណាតូ ហើយដកទ័ពទាំងអស់ចេញពីទឹកដីទាំងអស់នៃតំបន់ដែលរុស្ស៊ីបានអះអាងទាមទារ។