មុនជំនួបកំពូលក្រុមមេដឹកនាំសហភាពអឺរ៉ុប(EU)នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban និយាយថា សហភាពអឺរ៉ុប ត្រូវការគិតឡើងវិញពីការគំាទ្ររបស់ពួកគេសម្រាប់អ៊ុយក្រែន បន្ទាប់ពីការឈ្នះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក Donald Trump ដោយលោកនិយាយថា អឺរ៉ុបមិនអាចផ្តល់ហិរញ្ញវត្ថុតែម្នាក់ឯងដល់សង្រ្គាមមួយនេះបានឡើយ ។
លោក Trump បានរិះគន់កម្រិតគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់សង្រ្គាមរបស់អ៊ុយក្រែនប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយពេញលេញរបស់រុស្ស៊ីកាលពីឆ្នាំ ២០២២ ហើយនៅមុនការបោះឆ្នោតលោកបានសន្យាបញ្ចប់សង្រ្គាម សូម្បីតែមុនពេលឡើងកាន់អំណាច ដោយលោកពុំបានពន្យល់ពីវិធីបញ្ចប់សង្រ្គាមនោះឡើយ ។
អនាគតជំនួយអ៊ុយក្រែន ស្ថិតនៅក្នុងចំណោមសំនួរសំខាន់ដែល EU ប្រឈម ក្រោយលោក Trumpឈ្នះឆ្នោត ពេលដែលតំបន់អឺរ៉ុបប្រឹងប្រែងសាមគ្គីគ្នា ហើយប្រទេសមហាអំណាចធំបំផុតរបស់ពួកគេ គឺអាល្លឺម៉ង់ និងបារាំង បានទន់ខ្សោយដូចគ្នា ។
លោក Orban ដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់លោក Trump បាននិយាយប្រាប់វិទ្យុជាតិនាថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក នឹងលាឈប់ពីសង្រ្គាម បន្ទាប់ពីលោក Trumpជាប់ឆ្នោតឡើងវិញ ។
ជាមួយសហរដ្ឋអាមេរិក EU ប្រទេសសមាជិករបស់ពួកគេស្ថិតក្នុងចំណោមប្រទេសផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុធំបំផុតដល់អ៊ុយក្រែន ហើយភាគច្រើននៃក្រុមមេដឹកនាំ EU បានបង្ហាញការគាំទ្រខ្លាំងក្លាសម្រាប់ការបន្តមាគ៌ាធ្វើសង្រ្គាមមួយនេះ ៕


