ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃសុក្រនេះថា សង្គ្រាម នៅអ៊ុយក្រែន អាចបញ្ចប់ដោយងាយស្រួល ប្រសិនបើរដ្ឋបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump ប្រើវិធីសាស្រ្តផ្អែកលើដំណោះស្រាយជាគោល។
លោក Erdogan បានលើកឡើងថា៖ «យើងអាចបញ្ចប់សង្រ្គាមនេះបានយ៉ាងងាយស្រួល ប្រសិនបើយើងឃើញរដ្ឋបាលលោក Trump ដែលចូលឲ្យដល់បញ្ហាជាមួយនឹងទស្សនវិស័យផ្អែកលើដំណោះស្រាយ។ ការសន្ទនាកាន់តែច្រើនបន្ថែមទៀត ការទូត កិច្ចព្រមព្រៀង នឹងបើកផ្លូវឆ្ពោះទៅរកសន្តិភាព មិនមែនអាវុធ ការទម្លាក់គ្រាប់បែក និងជម្លោះនោះទេ»។
នៅក្នុងបទសម្ភាសន៍លើយន្តហោះជាមួយអ្នកសារព័ត៌មាននៅពេលធ្វើដំណើរត្រឡប់ពីទីក្រុង Budapest ប្រទេសហុងគ្រី លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន នឹងពន្លឿនដំណោះស្រាយ ចំពោះជម្លោះ។
គួរបញ្ជាក់ថា លោក Trump បាននិយាយអំឡុងពេលធ្វើយុទ្ធនាការថា លោកអាចនាំឲ្យមានសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលត្រឹម ២៤ម៉ោង ប្រសិនបើជាប់ឆ្នោត ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួចអំពីវិធីដែលលោកនឹងស្វែងរកការបញ្ចប់សង្រ្គាមលើដីដ៏ធំបំផុត នៅអឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។
រដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden បានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់អ៊ុយក្រែនពេញមួយសង្រ្គាម ក្នុងទម្រង់ជាអាវុធធុនធ្ងន់សំខាន់ៗ ក៏ដូចជាសន្តិសុខ និងជំនួយហិរញ្ញវត្ថុយ៉ាងទូលំទូលាយ៕

