ក្រុមអន្តរកាលរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានរៀបចំក្រឹត្យ និងសេចក្តីប្រកាស ស្តីពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងបង្រួមទំហំនៃផ្ទៃដីវិមានជាតិមួយចំនួន ដើម្បីអនុញ្ញាតឲ្យមានការខួងយកប្រេង និងការជីកយករ៉ែបន្ថែមទៀត។ នេះបើតាមរបាយការណ៍របស់សារព័ត៌មាន The New York Times (NYT) កាលពីថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា)។
ហើយបើយោងតាមរបាយការណ៍នោះ បានឲ្យដឹងថា ជាមួយគ្នានេះ លោក Trump ក៏ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការផ្អាកលើការអនុញ្ញាតឲ្យនាំចេញឧស្ម័នធម្មជាតិរាវថ្មី (LNG) ទៅកាន់ទីផ្សារធំៗ នៅតំបន់អាស៊ី និងអឺរ៉ុប និងលុបចោលការលើកលែងដែលអនុញ្ញាតឲ្យរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្សេងទៀតមានស្តង់ដារការបង្កកខ្វក់កាន់តែតឹងរ៉ឹង។
គួរបញ្ជាក់ថា លោក Trump បានសន្យាក្នុងអំឡុងពេលយុទ្ធនាការរបស់លោក ដើម្បីចាត់វិធានការជាច្រើនដែលមានរាយក្នុងរបាយការណ៍នោះ។ នៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Reuters លោកស្រី Karoline Leavitt អ្នកនាំពាក្យក្រុមអន្តរកាលរបស់លោក Trump បាននិយាយថា លទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាផ្តល់ឲ្យរូបលោកនូវ «អាណត្តិ ដើម្បីអនុវត្តការសន្យា ដែលលោកបានធ្វើនៅលើផ្លូវនៃយុទ្ធនាការ។ លោកនឹងធ្វើតាមសន្យា»៕