អាជ្ញាធរទទួលបន្ទុកស្ថាប័នបរិស្ថាន លោក Peng Chi-ming កាលពីថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា) បាននិយាយថា កោះតៃវ៉ាន់បានបង្កើត «បន្ទប់តាមដាន» ដើម្បីមើលការផ្សាយផ្ទាល់ពីកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុ COP29 នាសប្តាហ៍ក្រោយ ដ្បិតតែខ្លួនមិនត្រូវបានអនុញ្ញាតឲ្យចូលរួម ដោយសារហេតុផលនយោបាយ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ត្រូវបានដកចេញពីស្ថាប័នអន្តរជាតិស្ទើរតែទាំងអស់ ដោយសារតែប្រទេសចិនដែលចាត់ទុកកោះនេះថា ជាផ្នែកនៃដែនដីរបស់ខ្លួន បានជំទាស់ថា កោះនេះមិនមែនជាប្រទេសទេ ហើយទាមទារសិទ្ធិក្នុងការនិយាយតំណាងឲ្យកោះនេះនៅលើឆាកអន្តរជាតិ ដែលជាជំហរធ្វើឲ្យមានការខឹងសម្បាពីរដ្ឋបាលនៅទីក្រុងតៃប៉ិ។
ដោយថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបរទេស នៅឯស្ថាប័នរបស់លោក នៅទីក្រុងតៃប៉ិ លោក Peng បាននិយាយថា វាជារឿងដ៏អាម៉ាស់មួយ ដែលកោះតៃវ៉ាន់ ក្នុងនាមជាអ្នកផលិតបន្ទះអេឡិចត្រូនិកដ៏ធំ និងដោយការព្រួយបារម្ភរបស់ខ្លួន អំពីអាកាសធាតុ មិនអាចទៅចូលរួមជាផ្លូវការ ក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ នៅរដ្ឋធានី Baku របស់ប្រទេសអាស៊ែបៃហ្សង់បាន។
លោកបានបន្ថែមថា នឹងមានមន្ត្រីថ្នាក់ក្រោម និងមនុស្សនៃវិទ្យាស្ថានស្រាវជ្រាវពីកោះតៃវ៉ាន់ ទៅចូលរួម ប៉ុន្តែបើមិនដូច្នេះទេ ស្ថាប័នបរិស្ថាននឹងជួបជុំគ្នានៅក្នុងបន្ទប់សន្និសីទដែលបង្កើតឡើងជាពិសេសដើម្បីតាមមើលកិច្ចប្រជុំកំពូលនេះ៕