ភ្នំពេញ ៖ ក្រុមធុរកិច្ចអាមេរិក-អាស៊ាន គឺមានបំណងចង់មកវិនិយោគនៅប្រទេសកម្ពុជា លើវិស័យមួយចំនួនដូចជាវិស័យវិស័យថាមពល ឧស្សាហកម្ម សុខាភិបាល បច្ចេកវិទ្យា និងការនាំចេញនាំចូល ។
លោក ថេន អូសៀស (Ted Osius ) ដែលទើបត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ថ្លែងបែបនេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩តុលា ។
នៅក្នុងជំនួបនេះ ឯកឧត្តម អូសៀស បានសំដែងនូវការសាទរចំពោះចំណាត់ការប្រកបដោយ ជោគជ័យយ៉ាងត្រចះត្រចង់របស់សម្តេចតេជោ ទៅលើវិធានការទប់ស្កាត់ ការរីករាលដាលកូវីដ១៩ និង បានគោរពជំរាបជូនពីចំណាប់អារម្មណ៍របស់ក្រុមអ្នកវិនិយោគរបស់ក្រុមធុរកិច្ចអាមេរិក-អាស៊ានដែលចង់មកវិនិយោគនៅកម្ពុជាលើវិស័យចំនួន៥ខាងលើនេះ។
លោកក៏បានជម្រាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគាំទ្រកម្ពុជានៅពេលដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននាឆ្នាំខាងមុខ ក៏ដូចជានឹងជួយដល់កម្ពុជាលើវិស័យសេដ្ឋកិច្ច ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ក៏ដូចជាជួយដល់កម្ពុជាក្នុងការកសាងសមត្ថភាព ក៏ដូចជាសន្តិសុខថាមពលផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានសម្ដែងនូវអំណរសាទរ ចំពោះឯកឧត្ដម អូសៀស ដែលត្រូវបានតែងតាំងជាប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន,ហើយសម្ដេច ក៏បានអរគុណដល់សហរដ្ឋអាម៉េរិកដែលបានផ្តល់វ៉ាក់សាំងដល់កម្ពុជា។
សម្តេចក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែលក្រុមប្រឹក្សាសេដ្ឋកិច្ចអាម៉េរិកអាស៊ានទទួលស្គាល់នូវភាពជឿនលឿនរបស់កម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងទទួលបានផ្លែផ្កាជាវិជ្ជមាន។
សម្តេចក៏បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន លោកផែនការចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ក៏ដូចជាវិធានការឆ្ពោះទៅមុខរបស់កម្ពុជា ដែលរួមមានបន្តគ្រប់គ្រងជំងឺកូវីដ១៩ ,ជំរុញការកែទម្រង់ផ្នែកធុរៈកិច្ចឲ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យបានច្រើន ជំរុញការកែទម្រង់លើគ្រប់វិស័យ និង ជំរុញការបង្កើតសកម្មភាពធុរៈកិច្ច និងលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។
ជាទីបញ្ចប់សម្ដេច ក៏បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ចពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជាព្រមជាមួយនឹង ការអំពាវនាវឲ្យវិនិយោគសហរដ្ឋអាម៉េរិកពិចារណាមកវិនិយោគនៅកម្ពុជា៕
អត្ថបទ៖ មុត សុទ្ធ