ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុង តែលអាវីវ (Tel Aviv) កាលពីថ្ងៃសៅរ៍ (០៩ វិច្ឆិកា) ដើម្បីប្រារព្ធខួប ៤០០ថ្ងៃ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង នៅពេលដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស បានវាយប្រហារសហគមន៍អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

ក្រុមបាតុករ ជាថ្មីម្តងទៀត បានទាមទារឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) សម្រេចកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរដែលចាប់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី០៧ តុលា ឆ្នាំមុន ខណៈដែលអ្នកផ្សេងទៀតបានអំពាវនាវឱ្យមានការបោះឆ្នោតជាថ្មី និងទាមទារឱ្យលោក Netanyahu ចុះចេញពីតំណែង។

ហ្វូងមនុស្សបានប្រមូលផ្តុំគ្នាកាន់បដា ផ្ទាំងរូបភាពចំណាប់ថ្នូរ និងស្រែកច្រៀងតវ៉ា។ ក្រសួងការបរទេសរបស់ប្រទេសកាតា បាននិយាយកាលពីថ្ងៃសៅរ៍ថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការសម្រុះសម្រួលបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបាន "ជាប់គាំងនាពេលបច្ចុប្បន្ន។

គួររម្លឹកថា សង្គ្រាមដ៏បង្ហូរឈាមនេះបានផ្ទុះឡើង នៅពេលដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់មនុស្ស ២៥៣នាក់ទៀតធ្វើជាចំណាប់ថ្នូរ។ យុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែល បានវាយកម្ទេចភាគច្រើននៃតំបន់ហ្កាហ្សា និងបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤៣.៥០០នាក់៕