ដោយស្ទើរតែគ្មានស្បៀងអាហារត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ចុងភាគខាងជើងហ្កាហ្សា អស់រយៈពេលមួយខែមក ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ក្រោមការឡោមព័ទ្ធរបស់អ៊ីស្រាអែលកំពុងបែងចែកគ្រាប់សណ្តែក និងម្សៅចុងក្រោយរបស់ពួកគេដើម្បីចែកគ្នារស់។ ក្នុងពេលដែលការទម្លាក់គ្រាប់បែកនៅជុំវិញខ្លួនកំពុងបន្តកាន់តែខ្លាំងក្លា អ្នកខ្លះនិយាយថាពួកគេប្រថុយជីវិតដោយការស្វែងរកអាហារកំប៉ុងនៅក្នុងគំនរបាក់បែកនៃលំនៅឋានដែលត្រូវបានបំផ្លាញ។

មនុស្សរាប់ពាន់នាក់បានរត់ចេញពីតំបន់ភាគខាងជើងនោះ ដោយស្រេកឃ្លាន និងស្គមស្គាំង ចូលទៅក្នុងទីក្រុងហ្កាហ្សា ជាទីដែលពួកគេគិតថាស្ថានភាពកាន់តែប្រសើរឡើងបន្តិច ប៉ុន្តែមន្ទីរពេទ្យរាយការណ៍ថា ឃើញកុមាររាប់ពាន់នាក់ទទួលរងពីកង្វះអាហារូបត្ថម្ភ ស្ត្រីមានផ្ទៃពោះមួយចំនួនបានស្រកទម្ងន់ស្គមស្គាំងរីងរៃ។

លោក ម៉ូហាម៉េដ អាកូក (Mohammed Arqouq) ដែលគ្រួសាររបស់ខ្លួនមានគ្នាប្រាំបីនាក់ ហើយតាំងចិត្តស្នាក់នៅភាគខាងជើងដោយទប់ទល់នឹងការឡោមព័ទ្ធរបស់អ៊ីស្រាអែល បាននិយាយថា៖ «យើងកំពុងតែរងការស្រេកឃ្លាន ដោយសារតែពួកគេចង់បង្ខំយើងឱ្យចាកចេញពីផ្ទះ ប៉ុន្តែយើងនឹងស៊ូស្លាប់នៅទីនេះ នៅក្នុងផ្ទះរបស់យើង"។
បុគ្គលិកពេទ្យព្រមានថា ភាពអត់ឃ្លានកំពុងកើនឡើងដល់កម្រិតធ្ងន់ធ្ងរ ក្រោមការឡោមព័ទ្ធរយៈពេលមួយខែនៅភាគខាងជើងហ្កាហ្សា ដោយយោធាអ៊ីស្រាអែលនិយាយថា ខ្លួនកំពុងកម្ចាត់ពួកសកម្មប្រយុទ្ធ ដែលបានប្រមូលផ្តុំគ្នាឡើងវិញ នៅក្នុងតំបន់នោះ។
យោធាបានបង្កើនប៉ុស្តិ៍ត្រួតពិនិត្យ ដោយបញ្ជាឱ្យអ្នកស្រុកចាកចេញ ហើយប្រជាជនប៉ាឡេស្ទីនជាច្រើនភ័យខ្លាចថា អ៊ីស្រាអែលមានបំណងបណ្ដេញប្រជាជននៅភាគខាងជើងរយៈពេលវែង៕