បន្ទាយមានជ័យ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្របសម្រួលជាមួយ នឹងកម្មវិធីស្បៀងអារហារពិភពលោកប្រចាំនៅកម្ពុជា ដើម្បីផ្ដល់សាច់ប្រាក់ឧបត្ថម្ភប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យជាង១ម៉ឺនគ្រួសារ ដែលមានជីវភាពខ្វះខាត និងជួបបញ្ហាគ្រោះទឹកជំនន់ រយៈពេល៣ខែ ។
ក្នុងពិធីឧបត្ថម្ភប្រាក់ពលរដ្ឋ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា និងជាតំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា សម្រាប់ថវិកាជួយឧបត្ថម្ភនេះ ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការGIZ របស់ប្រទេសអាល្លឺម៉ង់ អង្គការ USAID របស់ប្រទេសអាមេរិក ដោយគិតជាទឹកប្រាក់ចំនួន ៥ ២៨០ ០០០ ០០០រៀល ស្មើនឹង១.៣២លានដុល្លារអាមេរិក ។
ឯកឧត្តម បានបន្តថា ក្រៅពីផ្តល់ជំនួយជាសាច់ប្រាក់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំ ក៏កំពុងបន្តសហការណ៍គ្នា ដើម្បីពង្រឹងសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដូចជាពង្រឹងសមត្ថភាពមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ តាមរយៈពង្រឹងលើការរៀបចំ និងអនុវត្តផែនការត្រៀមបម្រុង ពង្រឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានគ្រោះមហន្តរាយ នឹងការជូនដំណឹងជាមុន និងការសម្របសម្រួលជាមួយដៃគូរអភិវឌ្ឍន៍ និងភ្នាក់ងាមនុស្សធម៌នានា ។ល។
ដោយកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភនេះ ក៏មានការចូលរួមពីឯកឧត្តម ង៉ែត ចាន់ថុន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ក្លែ កូណាន់ តំណាង និងជានាយិការកម្មវិធីស្បៀងអាហាពិភពលោកនៅកម្ពុជា។
សូមបញ្ជាក់ថា គិតចាប់ពីទឹកជំនន់ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ការផ្តល់ជំនួយសាច់ប្រាក់ដល់គ្រួសារដែលមានជីវភាព ខ្វះខាតដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តចំនួន៥ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ សរុបមានទឹកប្រាក់ចំនួនប្រមាណជាង ២៤ ០០០ ០០០ ០០០០ រៀល ឬប្រមាណជាង ៦លានដុល្លាអាមេរិក ៕
អត្ថបទ ៖ បាន សុខរិទ្ធិ





