រុស្ស៊ី និងអ៊ុយក្រែនបានបើកការវាយប្រហារដោយយានដ្រូនដ៏ធំបំផុតរបស់ខ្លួនប្រឆាំងគ្នាទៅវិញទៅមកចាប់តាំងពីសង្គ្រាមចាប់ផ្តើម។ភាគីទាំង២សុទ្ធតែអះអាងថាមានយានដ្រូនជាច្រើនហោះលើទឹកដីរបស់ខ្លួន។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានស្ទាក់ចាប់យានដ្រូនអ៊ុយក្រែនចំនួន ៨៤គ្រឿងលើតំបន់ ៦ រួមទាំងតំបន់មួយចំនួនចូលទៅជិតទីក្រុងមូស្គូ ដែលបង្ខំឱ្យជើងហោះហើរត្រូវបង្វែរចេញពីអាកាសយានដ្ឋានសំខាន់ៗចំនួនបីនៃរដ្ឋធានីនេះ។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបង្ហោះយានដ្រូនចំនួន ១៤៥ គ្រឿងទៅកាន់គ្រប់ផ្នែកនៃប្រទេសនេះ កាលពីយប់ថ្ងៃសៅរ៍ ដោយភាគច្រើនត្រូវបានបាញ់ទម្លាក់។
ការវាយប្រហារដោយយានដ្រូនដ៏ធំបំផុតដែលភាគីទាំង២បានចោទដាក់គ្នានេះ កើតឡើងស្របពេលមានការរំពឹងថាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump អាចនឹងដាក់សម្ពាធលើភាគីទាំងពីរដើម្បីបញ្ចប់ជម្លោះ។
ការប៉ុនប៉ងវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុងមូស្គូក៏ជាការវាយប្រហារដ៏ធំបំផុតរបស់ខ្លួនលើរដ្ឋធានីនេះផងដែរ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ហើយត្រូវបានពិពណ៌នាថាជាការវាយប្រហារទ្រង់ទ្រាយដ៏ធំ ដោយអភិបាលតំបន់។

ក្រុមមន្ត្រីបាននិយាយថា ដ្រូនភាគច្រើនត្រូវបានបាញ់ទម្លាក់នៅក្នុងស្រុក រ៉ាមិនស្កូយ៉េ (Ramenskoye) ខណៈបណ្ដាលឲ្យមនុស្ស៥នាក់របួស និងលំនៅឋាន៤ខ្នងត្រូវឆាបឆេះដោយសារកម្ទេចកម្ទីយានដ្រូនធ្លាក់ចំ និងនៅក្នុងស្រុកកូឡូមណា(Kolomna) ព្រមទាំងស្រុកដូម៉ូដេដូវ៉ូ ( Domodedovo)៕