ប្រមុខការទូតរបស់ទីក្រុងគីវ បាននិយាយកាលពីថ្ងៃសៅរ៍ (០៩ វិច្ឆិកា) ថា ផែនការបឋមកំពុងដំណើរការសម្រាប់កិច្ចប្រជុំរវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក Donald Trump ស្របពេលមានការព្រួយបារម្ភអំពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន នាពេលអនាគត។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគីវ ជាមួយលោក Josep Borrell ប្រមុខមន្ត្រីគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបថា "ការសន្ទនា" ត្រូវបានបង្កើតឡើងរវាងលោក Zelensky និងលោក Trump បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នាក្នុងសប្តាហ៍នេះ។

លោកបន្តថា "ទំនាក់ទំនងនាពេលអនាគតនៅកម្រិតថ្នាក់ដឹកនាំត្រូវបានពិភាក្សា ហើយក្រុមការងារនឹងចាប់ផ្តើមរៀបចំដើម្បីធ្វើកិច្ចប្រជុំបែបនេះ" ដោយបដិសេធមិនបញ្ជាក់ថាតើការប្រជុំនោះត្រូវបានគ្រោងទុកមុន ឬក្រោយការចូលកាន់តំណែងរបស់លោក Trump ក្នុងខែមករា នោះទេ។

លោក Zelensky មិនសូវមានទំនាក់ទំនងល្អជាមួយលោក Trump ឡើយចាប់តាំងពីការហៅទូរសព្ទដ៏ចម្រូងចម្រាស់ក្នុងឆ្នាំ២០១៩ ដែលទីបំផុតនាំទៅដល់ការកាត់ក្តីទម្លាក់តំណែងប្រធានាធិបតីអាមេរិករូបនេះ។ ការសន្យារបស់លោក Trump ក្នុងការសម្របសម្រួលបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស បានបង្កើនការភ័យខ្លាចនៅក្នុងទីក្រុងគីវថា អ៊ុយក្រែនអាចត្រូវបង្ខំឱ្យចូលក្នុងដំណោះស្រាយដែលនឹងបង្កកជម្លោះក្នុងទីតាំងបច្ចុប្បន្ន ហើយអនុញ្ញាតឱ្យវិមានក្រឹមឡាំង មានពេលវេលាបំពាក់អាវុធឡើងវិញ និងវាយប្រហារជាថ្មី ក៏ដូចជាកាន់កាប់លើទឹកដីធំៗនៅភាគខាងកើត និងភាគអាគ្នេយ៍របស់អ៊ុយក្រែន៕