ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍នៅថ្ងៃអង្គារ (១២ វិច្ឆិកា) នេះថា នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីមួយគ្រឿង ដែលបំពាក់ដោយមីស៊ីលតម្រង់គោលដៅល្បឿនលឿនជាងសំឡេងជំនាន់ថ្មី បានធ្វើសមយុទ្ធនៅក្នុងផ្លូវទឹកអង់គ្លេស និងកំពុងបំពេញភារកិច្ចនៅមហាសមុទ្រអាត្លង់ទិក។
សារព័ត៌មានរុស្ស៊ី បាននិយាយថា កងកម្លាំងនៃនាវាចម្បាំងបំពាក់ដោយមីស៊ីលប្រឆាំងនាវា ហ្សើខន (Zircon ឬ Tsirkon) បានធ្វើសមយុទ្ធប្រឆាំងភេរវកម្ម វាយបកសិប្បនិម្មតប្រឆាំងការវាយប្រហារតាមអាកាស និងសមុទ្ររបស់សត្រូវ។
សារព័ត៌មាន TASS បន្តថា នេះគឺជាការធ្វើដំណើរផ្លូវឆ្ងាយលើកដំបូងរបស់នាវាចម្បាំងពហុបំណង ចាប់តាំងពីត្រូវបានយកចូលទៅក្នុងកងនាវាចររុស្ស៊ី ក្នុងខែធ្នូ ឆ្នាំ២០២៣ មក ហើយនាវានេះបានចាកចេញពីមូលដ្ឋានសំខាន់របស់ខ្លួននៅភាគខាងជើងរុស្ស៊ី កាលពីថ្ងៃទី០២ ខែវិច្ឆិកា។
មុនពេលចូលបម្រើការ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនៅពេលនោះបាននិយាយថា នាវាចម្បាំងនេះនឹងត្រូវបានបំពាក់ដោយមីស៊ីល Zircon ។ សូមបញ្ជាក់ថា មីស៊ីលតម្រង់គោលដៅ Zircon ដែលមានមូលដ្ឋានលើសមុទ្រនេះ មានរយៈចម្ងាយ ៩០០គីឡូម៉ែត្រ ហើយអាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងច្រើនដង ដែលធ្វើឱ្យសត្រូវពិបាកក្នុងការការពារប្រឆាំងនឹងគ្រឿងយុទ្ធោបករណ៍ទាំងនេះ៕