ប្រទេសអាល្លឺម៉ង់គ្រោងនឹងរៀបចំការបោះឆ្នោតថ្មី នៅថ្ងៃទី២៣ ខែកុម្ភៈ ដោយមានរយៈពេល ១១សប្តាហ៍បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលចម្រុះរបស់អធិការបតីលោក Olaf Scholz ដោយប្រភពជាច្រើន នៅថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) នេះ បាននិយាយថា គណបក្សសង្គមប្រជាធិបតេយ្យ (Social Democrats) ហ្គ្រីន (Greens) និងក្រុមអភិរក្សនិយមបានឈានដល់ការព្រមព្រៀងកំណត់ពេលវេលា។
បណ្ដាគណបក្សជំទាស់ចង់បានការបោះឆ្នោតឲ្យបានលឿន នៅដើមខែមករា ដោយព្រមានថា អាល្លឺម៉ង់ ប្រឈមនឹងហានិភ័យនៃការមិនមានអ្នកកាច់ចង្កូតនាវារបស់ប្រទេស នៅពេលមានវិបត្តិសេដ្ឋកិច្ច និងខណៈដែលជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក បង្កជាបញ្ហាប្រឈមការទូតថ្មី។
ប៉ុន្តែលោក Scholz បានព្រមានថា ការបោះឆ្នោត នៅខែមករា ដែលដើមឡើយបានស្វែងរកដោយលោក Friedrich Merz មេដឹកនាំគណបក្សជំទាស់អភិរក្សនិយម នឹងធ្វើឲ្យអាជ្ញាធររៀបចំការបោះឆ្នោតទទួលបន្ទុកធ្ងន់ធ្ងរពេក អំឡុងថ្ងៃឈប់សម្រាក និងរដូវរងាដែលសម្បូរទៅដោយវីរុសឆ្លង ហើយប្រឈមនឹងការធ្វើឲ្យគណបក្សមិនបានត្រៀមខ្លួនយ៉ាងល្អប្រសើរ។
ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតថ្មីនេះ លោក Scholz ត្រូវតែអំពាវនាវ ហើយបរាជ័យក្នុងការបោះឆ្នោតផ្ដល់ទំនុកចិត្ត នៅក្នុងសភា។ ការកំណត់ពេលវេលានៃការបោះឆ្នោតផ្ដល់ទំនុកចិត្ត នៅតែមានភាពទូលំទូលាយ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា វាអាចកើតមាននៅពាក់កណ្តាលខែធ្នូក៏ដោយ។
លោក Scholz ដែលពេលនេះគ្រប់គ្រងរដ្ឋាភិបាលសំឡេងភាគតិច ដោយមានការគាំទ្រពីគណបក្ស Greens សង្ឃឹមថា នឹងទទួលបានសំឡេងគ្រប់គ្រាន់ពីគណបក្សប្រឆាំង ដើម្បីអនុម័តច្បាប់ការពារតុលាការធម្មនុញ្ញពីក្រុមស្តាំនិយមជ្រុល និងផ្តល់មូលនិធិដល់អ៊ុយក្រែន មុនពេលចាកចេញពីតំណែង៕

