ព្រឹទ្ធសភាអាមេរិក ដែលបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើន កាលពីថ្ងៃអង្គារ (១២ វិច្ឆិកា) បានចាប់ផ្តើមយ៉ាងប្រញាប់ញាល់នូវដំណើរការបញ្ជាក់នៃការជ្រើសរើសចៅក្រមសហព័ន្ធថ្មីជាច្រើនតាមដែលអាចធ្វើបាន ដែលត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Joe Biden ដើម្បីបញ្ចៀសការទុកតំណែងឱ្យនៅទំនេរ ដែលលោក Donald Trump មកពីបក្សសាធារណរដ្ឋ អាចដាក់គ្នីគ្នារបស់ខ្លួនបន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។

ជាមួយនឹងបក្សសាធារណរដ្ឋ គ្រោងនឹងកាន់កាប់សភានៅថ្ងៃទី០៣ ខែមករា ព្រឹទ្ធសភាបានរូតរះបោះឆ្នោតបញ្ជាក់លើអ្នកដែលលោក Biden បានតែងតាំងជាចៅក្រម ជាលើកដំបូងចាប់តាំងពីលោក Trump បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៥ ខែវិច្ឆិកា។

ជារួម លោក Biden បានប្រកាសបេក្ខភាពចៅក្រមថ្មីចំនួន ៣០នាក់ ដែលកំពុងរង់ចាំការបោះឆ្នោតបញ្ជាក់ពីព្រឹទ្ធសភា ដោយ ១៦នាក់ត្រូវបានគណៈកម្មាធិការយុត្តិធម៌ព្រឹទ្ធសភាពិនិត្យរួចហើយ និងកំពុងរង់ចាំការបោះឆ្នោតបញ្ជាក់ចុងក្រោយ ខណៈបេក្ខភាព ១៤រូបទៀតកំពុងរង់ចាំការត្រួតពិនិត្យ។

តាំងពីការចាប់ផ្ដើមកាន់តំណែងជាប្រធានាធិបតីរបស់លោក Biden ក្នុងឆ្នាំ២០២១ ព្រឹទ្ធសភាបានបញ្ជាក់ពីបេក្ខភាពតុលាការចំនួន ២១៤រូប ហើយពេលនេះកំពុងប្រញាប់បញ្ជាក់យ៉ាងឆាប់រហ័សនូវបេក្ខភាពដែលនៅសេសសល់ រួមជាមួយនឹងការជ្រើសរើសថ្មីណាមួយដែលលោក Biden អាចនឹងដាក់ឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃអាណត្តិរបស់ខ្លួន។
គេមិនទាន់ច្បាស់ទេថាតើព្រឹទ្ធសភាបក្សប្រជាធិបតេយ្យនេះអាចដាក់ចៅក្រមបានប៉ុន្មានរូប។ លោក Trump នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យព្រឹទ្ធសភាបញ្ឈប់ការយល់ព្រមលើការតែងតាំងរបស់លោក Biden ដោយនិយាយថា "អ្នកប្រជាធិបតេយ្យកំពុងសម្លឹងមើលការកាត់បង្កើតសំឡេងប្រឆាំងតាមរយៈចៅក្រមរបស់ពួកគេ"៕