បាល់ទាត់៖ ក្រុមជើងឯកឆ្នាំ២០១៩ ហង្សក្រហម Liverpool បានយកឈ្នះនៅទឹកដីអេស្ប៉ាញ Atletico Madrid ៣-២ ក្នុងជំនួបទី៣ ពូល B ក្របខណ្ឌ UEFA Champions League។ នេះជាជំនួបលើកដំបូងរវាងក្រុមទាំងពីររាប់ពីជួបគ្នាចុងក្រោយកាល់ពីដើមឆ្នាំ២០២០ នៅពេលផ្ទុះឡើងដំបូងនៃមេរោគរាតត្បាត Covid-19 ហើយក៏ជាប្រកួតចុងក្រោយនៅពេលនោះដែរដែលអ្នកគាំទ្របានចូលទស្សនាពេញកីឡដ្ឋាន។

ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah បើកការនាំមុខមុនឱ្យ Liverpool នៅនាទីទី៨ មុនពេលដែល Nabi Keita បន្ថែមគ្រាប់ទីពីរនៅនាទីទី១៣។ ក្រុមរបស់លោក Diego Simeone ក៏បានវាយបកតាមពីក្រោយ ២គ្រាប់វិញដោយខ្សែប្រយុទ្ធបារាំង Antoine Griezmann ពីរគ្រាប់ម្នាក់ឯងនៅនាទីទី២០ និង ៣៤។ យ៉ាងណាក្តីក្រុមម្ចាស់ផ្ទះក៏សល់គ្នាត្រឹម ១០នាក់នៅពេល Griezmann បង្កកំហុសលើ Roberto Firmino ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី៥២ មុនពេលដែល Mario Hermoso បង្កកំហុសលើ Diogo Jota ក្នុងប្រអប់គ្រោះថ្នាក់ ខណៈ Mohamed Salah ជាពេជ្ឈឃាត ១១ម៉ែត្រស៊ុតឱ្យ Liverpool យកឈ្នះ ៣-២ នៅទឹកដី Atletico Madrid។

ជ័យជំនះនេះមានន័យថា ក្រុមរបស់លោក Jurgen Klopp បន្តឈ្នះ ១០០% ក្នុងពូល B មាន ៩ពិន្ទុពេញខណៈ Atletico Madrid ឈរលេខ២ មាន ៤ពិន្ទុ។ មួយគូទៀតក្នុងពូល B នេះដែរក្រុមម្ចាស់ផ្ទះ FC Porto យកឈ្នះ AC Milan ១-០ ដោយគ្រាប់បាល់ជ័យជំនះដោយ Luis Diaz នៅនាទីទី៦៥ ធ្វើឱ្យ Porto ទទួលបាន ៣ពិន្ទុដ៏មានសារសំខាន់ឈរលេខ៣ មាន ៤ពិន្ទុផងដែរ ខណៈ AC Milan នៅតែបន្តរកពិន្ទុមិនបាន៕
អត្ថបទ៖នាង សុភាវុធ