ក្រោយព្យុះទីហ្វុង Usagi វាយប្រហារខេត្ត Cagayan របស់ហ្វីលីពីន កងកម្លាំងនគរបាល បានរួមកម្លាំងគ្នា ចុះប្រតិបត្តិការជួយសង្រ្គោះ ដើម្បីជម្លៀសពលរដ្ឋជាប់ខ្លួនចេញពីតំបន់រងគ្រោះ ។
រូបភាពវីដេអូឃ្លីប បញ្ចេញដោយនគរបាលក្នុងស្រុកឃើញ ក្មេងៗ និងមនុស្សពេញវ័យ ត្រូវបានគេនាំចេញពីទឹកជំនន់ ។
ព្យុះទីហ្វុង Usagi បានបោកបក់ដល់ដីគោកនៅប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ពេលដែលក្រុមអាជ្ញាធរព្រមានថា ព្យុះមួយនេះ អាចបណ្តាលឲ្យមានការជន់លិច និងបំណាក់ដីទ្រង់ទ្រាយធំ នៅតំបន់ភាគខាងជើងហ្វីលីពីន ។
ព្យុះ Usagi គឺជាព្យុះទីហ្វុងទី ៥ដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ បន្ទាប់ពីព្យុះ ៤ផ្សេងទៀត គឺព្យុះ Toraji, Trami, Yinxing និងព្យុះ Kong-reដែលបានសម្លាប់មនុស្សជាង ១០០នាក់ និងបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ។
ក្នុងសប្តាហ៍នេះ ព្យុះត្រូពិកចំនួន ៤បោកបក់ក្នុងពេលតែមួយ នៅក្នុង និងជុំវិញសមុទ្រចិនខាងត្បូង និងសមុទ្រប៉ាស៊ីហ្វិកខាងជើង និងជាករណីព្យុះបោកបក់ព្រមគ្នាចំនួន ៤លើកដំបូង បានកើតឡើងក្នុងតំបន់មួយនេះ អំឡុងខែវិច្ឆិកា ចាប់តាំងពីកំណត់ត្រាចាប់ផ្តើម ។
រដ្ឋាភិបាលហ្វីលីពីន និយាយថា ព្យុះ Usagi បានវាយប្រហារកោះ Luzon ដែលជាកោះមានប្រជាពលរដ្ឋរស់នៅច្រើនបំផុត កាលពីវេលាម៉ោង ១ និង ៣០នាទីរសៀល ម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍ ។
មនុស្សជាង ២៤.០០០នាក់ នៅក្នុងខេត្ត Cagayan ត្រូវបានជម្លៀសខ្លួន រួមទាំងមនុស្សដែលបានជម្លៀសខ្លួនពីព្យុះមុននេះផងដែរ ។
យោងតាមការអះអាងរបស់មន្ទីរព្រមានព្យុះទីហ្វុងចម្រុះនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឲ្យដឹងថា ព្យុះ Usagi បានបោកបក់ក្នុងល្បឿនអតិបរមាជាង ២៤០គ.មក្នុង ១ម៉ោង ៕


