យោងតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវនៅប្រទេសអង់គ្លេស និងប្រទេសស៊ូដង់ បានឲ្យដឹងថា មនុស្សជាង ៦១.០០០នាក់ ត្រូវបានគេប៉ាន់ប្រមាណថាបានស្លាប់នៅក្នុងរដ្ឋ Khartoum អំឡុង ១៤ខែដំបូងនៃសង្រ្គាមស៊ូដង់ ប៉ុន្តែចំនួនមនុស្សស្លាប់ពិតប្រាកដទំនងជាច្រើនជាងនេះ ។
នៅក្នុងចំណោមជនរងគ្រោះជាច្រើននាក់នៃសង្រ្គាមស៊ូដង់ គឺជាលោក Khalid Sanhouri ។ ពេលដែលលោកស្លាប់ដោយសារជំងឺ លោកត្រូវបានបញ្ចុះនៅមុខផ្ទះរបស់លោក ស្ថិតក្នុងទីក្រុង Omdurman គឺជាទីក្រុងធំបំផុតទី ២របស់ស៊ូដង់ ។ វាពិតជាគ្រោះថ្នាក់ខ្លាំងក្នុងការយកសាកសពទៅបញ្ចុះនៅទីស្មសាន ។
ជាមួយនឹងការស្លាប់ពីការអត់ឃ្លាន ជំងឺ និងការដួលរលំសេវាសុខភាព បានធ្វើឲ្យចំនួនមនុស្សស្លាប់ មានចំនួនច្រើនជាងអ្វីដែលគេបានកត់ត្រាកាលពីមុន ។
លោក Mohammed Omar គឺជាអ្នកជិតខាងម្នាក់របស់លោក Sanhouri និយាយថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានរារាំងពួកគេពីការទទួលបានឱសថ ឬជំនួយសម្រាប់គាត់ ពេលដែលគាត់ធ្លាក់ខ្លួនឈឺធ្ងន់ ។
លោក Omar និយាយថា វាពិតជាពិបាកខ្លាំងណាស់ឲ្យនរណាម្នាក់បញ្ចុះសពនៅមុខមាត់ទ្វារផ្ទះខ្លួនឯងបែបនេះ ។ កូនស្រីរបស់គាត់នៅមិនទាន់អាចមកផង និងឃើញស្ថានភាពបែបនេះ វាពិតជាពិបាកមែន ។ វាគឺជាបញ្ជារបស់ព្រះ ហើយពួកយើងមិនអាចនិយាយអ្វីបាននោះទេ ប៉ុន្តែវាគឺជាការឈឺចាប់ខ្លាំងបំផុត ។
សូមបញ្ជាក់ថា សង្រ្គាមរវាងកងទ័ពស៊ូដង់ និងកម្លាំងគាំទ្ររហ័ស(RSF) បានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣ ៕


