ប្រភពមួយចំនួន បានប្រាប់សារព័ត៌មាន Reuters ថា មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te គ្រោងនឹងឈប់សំចតនៅកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក ហើយប្រហែលជាឆ្ពោះទៅកោះហ្គាម ក្នុងដំណើរទស្សនកិច្ចទៅកាន់សម្ព័ន្ធមិត្តការទូតរបស់ទីក្រុងតៃប៉ិ នៅមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោក Lai ដែលបានឈ្នះការបោះឆ្នោត កាលពីខែមករា មិនទាន់បានធ្វើដំណើរទៅក្រៅប្រទេសនៅឡើយទេ គិតចាប់តាំងពីចូលកាន់តំណែង ក្នុងខែឧសភា។ ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថា ជាដែនដីរបស់ខ្លួន មិនសូវពេញចិត្តនឹងលោក Lai ឡើយ ដោយចាត់ថា ជា «អ្នកបំបែកខ្លួន» ហើយតែងតែជំទាស់នឹងការទាក់ទងណាមួយ រវាងរដ្ឋបាលកោះតៃវ៉ាន់ និងមន្ត្រីបរទេស។

ប្រភពចំនួន ៦រូប ដែលបានសង្ខេបអំពីដំណើរទស្សនកិច្ចនេះ ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារភាពរសើបនៃបញ្ហានេះ បានប្រាប់សារព័ត៌មាន Reuters ថា លោក Lai កំពុងរៀបចំគម្រោងឈប់សំចត នៅកោះហាវ៉ៃ ជាផ្នែកនៃដំណើរទៅក្រៅប្រទេសដែលនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
រីឯប្រភពចំនួន ៤រូប បាននិយាយថា ការឈប់សំចត ក្នុងដែនដីរបស់អាមេរិកនៃកោះហ្គាមនេះ ក៏កំពុងត្រូវបានពិភាក្សាផងដែរ។ ទាំងកោះហាវ៉ៃ និងកោះហ្គាម គឺជាទីតាំងមូលដ្ឋានយោធាសំខាន់របស់សហរដ្ឋអាមេរិក។ ចំណែកប្រភព ២រូប បាននិយាយថា ការឈប់សំចតនេះ នឹងជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក Lai ទៅកាន់សម្ព័ន្ធមិត្តការទូតរបស់កោះតៃវ៉ាន់ នៅមហាសមុទ្រប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Lai នឹងធ្វើឡើងនៅក្នុងពេលវេលាជិតដល់ទីបញ្ចប់នៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលបាននិយាយថា កងកម្លាំងអាមេរិកនឹងការពារកោះតៃវ៉ាន់ ក្នុងករណីមានការលុកលុយរបស់ចិន។ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដែលរដ្ឋបាលដំបូងរបស់លោក បានគាំទ្រកោះតៃវ៉ាន់យ៉ាងខ្លាំងនោះ បានធ្វើឲ្យទីក្រុងតៃប៉ិមិនស្រណុកចិត្តឡើយ អំឡុងពេលធ្វើយុទ្ធនាការ ដោយនិយាយថា កោះនេះគួរតែចំណាយ ដើម្បីទទួលបានការការពារ។ តែយ៉ាងណាក្ដី បន្ទាប់មក លោកបានតែងតាំងអ្នកគាំទ្រកោះតៃវ៉ាន់ គឺលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស៕