ក្រុមអាជ្ញាធរបាននិយាយថា អគ្គិភ័យបានឆាបឆេះបន្ទប់ថែទាំទារកទើបកើតក្នុងមន្ទីរពេទ្យមួយនៅភាគខាងជើងប្រទេសឥណ្ឌា ដោយបានសម្លាប់ទារកទើបនឹងកើតចំនួន១០ នាក់ និង ១៦ នាក់ផ្សេងទៀតរងរបួស។
អគ្គិភ័យបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Jhansi ក្នុងរដ្ឋ ឩតាប្រទេស (Uttar Pradesh)របស់ប្រទេសឥណ្ឌា។ ក្រុមមន្ត្រីបាននិយាយថា អណ្តាតភ្លើងបានរាលដាលយ៉ាងលឿនទូទាំងបន្ទប់ថែទាំទារកជាទីដែលទារកចំនួន៥៥ នាក់កំពុងត្រូវបានថែទាំ។ លោក Bimal Kumar Dubey មន្ត្រីក្នុងតំបន់បាននិយាយថា ទារកចំនួន ៤៥នាក់ត្រូវបានជួយសង្គ្រោះ និងកំពុងទទួលការថែទាំសុខភាព។
គេមិនទាន់ដឹងច្បាស់ទេ ថាមូលហេតុអ្វីបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ។ លោក Brajesh Pathak ឧបនាយករដ្ឋមន្ត្រីប្រចាំរដ្ឋនេះ បានទៅកាន់មន្ទីរពេទ្យកើតហេតុ និងជួបជាមួយក្រុមគ្រួសារជនរងគ្រោះនៅថ្ងៃសៅរ៍នេះ ។ លោកបានសន្យាគាំទ្ររដ្ឋាភិបាលសម្រាប់ក្រុមគ្រួសារជនរងគ្រោះ ហើយបានសន្យាថានឹងមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់។
លោកថាយើងនឹងកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវចំពោះសោកនាដកម្មនេះ ហើយចាត់វិធានការយ៉ាងតឹងរ៉ឹង។ រដ្ឋាភិបាលឈរនៅជាមួយគ្រួសារទាំងឡាយក្នុងគ្រាលំបាកនេះ។
ពេលរថយន្តពន្លត់អគ្គិភ័យទៅដល់ បន្ទប់ថែទាំកុមារត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ក្រុមអ្នកជួយសង្គ្រោះត្រូវទម្លាយបង្អួចដើម្បីទៅដល់ទារកទើបនឹងកើតទាំងនោះ។ អ្នកឃើញហេតុការណ៍បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្តើមប្រហែល ៣០ នាទីបន្ទាប់ពីអគ្គិភ័យ ដែលពន្យារពេលកិច្ចខិតខំប្រឹងប្រែងជម្លៀស៕

