ស្រ្តីនៅរដ្ឋហែកហួរដោយសារជម្លោះ Manipur របស់ប្រទេសឥណ្ឌា បាននាំគ្នាធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍ ជុំវិញការសម្លាប់ស្រ្តី និងកុមារនៅស្រុក Jiribam ស្ថិតក្នុងរដ្ឋនៅភាគឦសានមួយនេះ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា សាកសពមនុស្ស ៣នាក់ ដែលត្រូវបានគេបញ្ជាក់ថាជាស្រ្តីម្នាក់ និងកុមារ ២នាក់ ត្រូវបានប្រទះឃើញក្នុងទន្លេស្រុក Jiribam កាលពីថ្ងៃសុក្រកន្លងទៅ ។
អាជីវករជាស្រ្តីធ្វើការនៅក្នុងផ្សារ Khwairamband ស្ថិតក្នុងទីក្រុង Imphal បានអំពាវនាវឲ្យបញ្ចប់អំពើហិង្សាក្នុងរដ្ឋ Manipur ពេលដែលពួកគេដង្ហែក្បួនកាន់បដាសរសេរថា “ជនរងគ្រោះនៃសង្រ្គាមប្រូកស៊ី ”។
បាតុកម្មនេះដែរ បានប្រែក្លាយជាអំពើហិង្សា ពេលដែលក្រុមបាតុករ ចាប់ផ្តើមរុញកងកម្លំាងសន្តិសុខ ដែលធ្វើជាខ្សែសង្វាក់មនុស្ស ព្យាយាមរារំាងពួកគេពីការដង្ហែក្បួនឆ្ពោះទៅមុខ ។
នៅដើមខែនេះ ក្រុមប្រដាប់អាវុធ ១០នាក់ ត្រូវបានសម្លាប់ អំឡុងការផ្ទុះអាវុធជាមួយកងកម្លាំងសន្តិសុខ ក្រោយពួកគេព្យាយាមវាយប្រហារស្ថានីយ៍នគរបាលមួយកន្លែងក្នុងរដ្ឋ Manipur ។
រដ្ឋ Manipur បានទទួលរងភាពរំជើបរំជួល ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ពេលដែលសហគមន៍កុលសម្ព័ន្ធភាគតិច Meitei និងកុលសម្ព័ន្ធ Kukis ប៉ះទង្គិចគ្នា ក្រោយតុលាការបញ្ជាឲ្យរដ្ឋាភិបាល ពិចារណាលើការបន្តអត្ថប្រយោជន៍សេដ្ឋកិច្ចពិសេស និងច្បាប់ហត្ថពលកម្ម(កូតា) នៅក្នុងការងាររដ្ឋ និងការអប់រំដល់កុលសម្ព័ន្ធ Meitei ផងដែរ ៕


