ព្យុះទីហ្វុងដ៏មានឥទ្ធិពល Man-yi បានផ្ដួលរំលំដើមឈើ បំផ្លាញខ្សែភ្លើង និងបំផ្លិចបំផ្លាញផ្ទះសម្បែង ខណៈបានបោកបក់ពេញប្រទេសហ្វីលីពីននៅថ្ងៃអាទិត្យ ១៧ ខែវិច្ឆិកានេះ បន្ទាប់ពីមានអាកាសធាតុអាប់អួរខ្លាំងខុសពីធម្មតា ។
ព្យុះទីហ្វុង Man-yi នៅតែនាំមកនូវល្បឿនខ្យល់អតិបរមា១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់ខ្លាំងរហូតដល់ ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីបានបោកបក់លើកោះ Catanduanes ដែលមានប្រជាជនតិច កាលពីថ្ងៃសៅរ៍។
មនុស្សជាង ១លាន២សែននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេមុនពេលព្យុះ Man-yi មកដល់ ខណៈសេវាអាកាសធាតុជាតិបានព្រមានពីផលប៉ះពាល់ដែលគំរាមកំហែងដល់អាយុជីវិត។
ប្រធានភ្នាក់ងារការពារជនស៊ីវិល លោក Ariel Nepomuceno បាននិយាយថា គិតត្រឹមថ្ងៃអាទិត្យ គ្មានការស្លាប់ត្រូវបានរាយការណ៍ទេ ប៉ុន្តែមានការខូចខាតយ៉ាងច្រើន ដល់រចនាសម្ព័ន្ធនៅលើកោះ Catanduanes ៕

