អាជ្ញាធរបានព្រមាននៅថ្ងៃចន្ទនេះថា ចំហេះព្រៃនៅប្រទេសអូស្ត្រាលីភាគខាងត្បូង ដែលបានឆេះបំផ្លាញលំនៅឋានយ៉ាងហោចណាស់មួយខ្នង អាចបន្តឆេះរយៈពេលច្រើនសប្តាហ៍ទៀត។ ចំហេះព្រៃនៅជិតក្រុង Kadnook មានចម្ងាយជាង៣០០គីឡូម៉ែត្រភាគខាងលិចទីក្រុងមែលប៊ន គឺជាចំហេះព្រៃមួយក្នុងចំណោមចំហេះព្រៃជាច្រើនកន្លែងនៅភាគខាងត្បូងប្រទេសអូស្ត្រាលី ក្នុងពេលមានអាកាសធាតុក្តៅនិងខ្យល់បក់ខ្លាំង ដោយបង្ខំឱ្យជម្លៀសអ្នកស្រុកនៅទូទាំងភាគខាងលិចរដ្ឋ Victoria ។

យ៉ាងហោចណាស់លំនៅឋានមួយខ្នងត្រូវបានបំផ្លាញដោយអគ្គិភ័យ ហើយអាជ្ញាធរជឿថា លំនៅឋានពីរខ្នងទៀតប្រហែលជាបានឆេះដោយបន្ថែមលើការខាតបង់ផ្នែកកសិកម្ម។
ស្ថានភាព បានធូរស្រាលកាលពីយប់ថ្ងៃអាទិត្យ ខណៈសីតុណ្ហភាពធ្លាក់ចុះ និងមានភ្លៀងធ្លាក់នៅក្នុងតំបន់ ប៉ុន្តែការព្រមានចំពោះ «ការតាមដាន និងមានចំណាត់ការ» នៅតែមាន នៅថ្ងៃចន្ទនេះ ដោយអ្នកស្រុកត្រូវបានគេប្រាប់ថា វាពុំទាន់មានសុវត្ថិភាពដើម្បីវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយទេ។
អភិបាលតំបន់ លោក Tim Meyer បាននិយាយនៅថ្ងៃចន្ទនេះថា ចំហេះព្រៃយ៉ាងឆាប់រហ័ស បានធ្វើឱ្យអ្នកស្រុកមានការភ្ញាក់ផ្អើល កាលពីថ្ងៃសៅរ៍។

នៅថ្ងៃចន្ទនេះ ក្រុមឆ្លើយតបបន្ទាន់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ ដើម្បីជួយដល់ក្រុមពន្លត់អគ្គិភ័យ ដែលបានចំណាយពេលកាលពីចុងសប្តាហ៍ដើម្បីទប់ស្កាត់ការឆេះរាលដាល ហើយអាជ្ញាធរ កំពុងស៊ើបអង្កេតថាតើចំហេះព្រៃ ត្រូវបានគេដុតដោយចេតនាឬយ៉ាងណា។