នៅថ្ងៃចន្ទនេះ ពលរដ្ឋរស់នៅក្នុងសង្កាត់ Chiyah និងសង្កាត់ Hadath បានរកមើលតាមកម្ទេចកម្ទី ដើម្បីស្វែងរកទ្រព្យសម្បត្តិនៅសេសសល់របស់ពួកគេ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ។
ការវាយប្រហារលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត និងសង្កាត់ Hadath បណ្តាលឲ្យមានការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ក្នុងនោះកម្ទេចកម្ទី បានរាយប៉ាយនៅលើផ្លូវ ។
លោក Hassan Ayoub ដែលជាម្ចាស់ហាងរងការខូចខាតដោយសារការវាយប្រហាររបស់អ៊ីស្រាអែល និយាយថា អ្វីដែលពួកយើងខ្វាយខ្វល់នោះគឺសូមឲ្យស្ថានភាពស្ងប់ស្ងាត់តាមបំណងរបស់ព្រះ ពីព្រោះថាមនុស្សចង់រស់ ។
ក្រុមហេសបូឡា និងអ៊ីស្រាអែល បានផ្ទុះអាវុធដាក់គ្នា អស់រយៈពេលជាង ១ឆ្នាំមកហើយ ចាប់តាំងពីក្រុមមួយនេះ ផ្លោងគ្រាប់រ៉ុក្កែតលើគោលដៅយោធាអ៊ីស្រាអែល កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ រយៈពេល ១ថ្ងៃក្រោយក្រុមសម្ព័ន្ធមិត្តប៉ាឡេស្ទីនហាម៉ាស់ វាយប្រហារតំបន់ភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ ។
នៅចុងខែកញ្ញា អ៊ីស្រាអែល បានពង្រីកយុទ្ធនាការយោធារបស់ពួកគេនៅក្នុងប្រទេសលីបង់ ជាមួយការទម្លាក់គ្រាប់បែកធ្ងន់ធ្ងរ នៅភាគខាងត្បូង និងភាគខាងកើតទីក្រុងបេរូត និងបើកការវាយប្រហារតាមជើងគោកនៅតាមតំបន់ព្រំដែន ។
ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យថា យុទ្ធនាការរបស់អ៊ីស្រាអែលនៅលីបង់កាលពីឆ្នាំមុន បានសម្លាប់មនុស្ស ៣.៨៤១នាក់ និងមនុស្សជាតិ ១៥.០០០នាក់ផ្សេងទៀត បានរងរបួស ៕


