ភ្នំពេញ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយ នគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ
ស្រាវជ្រាវ រហូតឃាត់ខ្លួនក្រុមជនសង្ស័យចំនួន១៥នាក់ ពាក់ព័ន្ធករណី ធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
ប្រតិបត្តិការ ចុះឃាត់ក្រុមក្មេងទំនើងមានរហស៍នាម DP Zin (ដើមពោធិ៍) នេះធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី ១៨ ខែ វិច្ឆិកា ២០២៤ នៅចំណុច កន្លែងបុកប៊ីយ៉ា មួយកន្លែង ស្ថិតក្នុងភូមិ ថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានឱ្យដឹងថា ក្រុមនេះតែងតែធ្វើសកម្មភាព កាប់ ហើយក្រុមនេះ មានមេបក្សម្នាក់ ឈ្មោះអាម៉ាប់ធំជាអ្នកដឹកនាំ និងរក្សាទុកអាវុធ រួមទាំបក្សពួកចំនួន១៤នាក់ ទៀត ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូជាង១០គ្រឿង រួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់។
នគរបាលបានឲ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ២នាក់កំពុងជិះម៉ូតូម៉ាកហុងដាZoomer-X ១គ្រឿងឌុបគ្នា នៅតាមផ្លូវស្ថិតនៅក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រាប់តែក្រុមក្មេងទំនើងមួយក្រុមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿង ប្រដាប់ដោយកាំបិត ដេញកាប់ ជាហេតុធ្វើឲ្យជនរងគ្រោះភ័យ បានជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ បន្ទាប់មកក្រុមក្មេងទំនើងទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់។
នគរបាលបានបញ្ជាក់ឲ្យដឹងថានៅយប់កើតហេតុក្រុមជនសង្ស័យបានធ្វើសកម្មភាពដេញកាប់ ចំនួន៣ករណីនៅទីតាំង៣ គោលដៅផ្សេងគ្នា។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង១៥នាក់នេះត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី។
អត្ថបទ៖ កុម្ភះ










