តុលាការកំពូលរបស់ទីក្រុងហុងកុង នៅថ្ងៃអង្គារ (១៩ វិច្ឆិកា) នេះបានកាត់ទោសសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ៤៥នាក់ ឱ្យជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ក្នុងការកាត់ក្តីសន្តិសុខជាតិដ៏ធំ ដែលបានធ្វើឱ្យខូចដល់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ក្តៅគគុករបស់ទីក្រុង និងទាក់ទាញការរិះគន់ជាសកល។

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យសរុបចំនួន ៤៧នាក់ត្រូវបានចាប់ខ្លួន ហើយត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០២១ ពីបទសមគំនិតក្នុងអំពើវិទ្ធង្សនា (ការបង្កភាពវឹកវរដល់សង្គម) នៅក្រោមច្បាប់សន្តិសុខជាតិដែលដាក់ដោយទីក្រុងប៉េកាំង ហើយប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត។

បុរសម្នាក់ឈ្មោះ Benny Tai អតីតអ្នកជំនាញផ្នែកច្បាប់ ដែលត្រូវបានគេដាក់ឈ្មោះថា "អ្នករៀបចំ" ក្នុងចំណោមសកម្មជន ៤៧នាក់នោះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ។ ការកាត់ទោសទាំងអស់ មានចន្លោះពី ៤ឆ្នាំទៅ ១០ឆ្នាំ។
សកម្មជនទាំងអស់ ៤៧នាក់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការរៀបចំ "ការបោះឆ្នោតបឋម" ក្រៅផ្លូវការនៅឆ្នាំ២០២០ ដើម្បីជ្រើសរើសបេក្ខជនល្អបំផុតសម្រាប់ការបោះឆ្នោតនីតិបញ្ញត្តិ ហើយរដ្ឋអាជ្ញាចោទពួកគេថា បានរៀបចំផែនការធ្វើឱ្យរដ្ឋាភិបាលជាប់គាំង។ លោក Tai និង ៤៤នាក់ផ្សេងទៀត ត្រូវបានរកឃើញថាមានទោសនៅក្នុងការកាត់ក្តីសន្តិសុខជាតិដ៏ធំបំផុតរបស់ក្រុងហុងកុង។

រដ្ឋាភិបាលចិន និងហុងកុង និយាយថា ច្បាប់សន្តិសុខជាតិ គឺចាំបាច់ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីមានការតវ៉ាទ្រង់ទ្រាយធំក្នុងឆ្នាំ២០១៩ ហើយសកម្មជនទាំងនោះត្រូវបានកាត់ទោសទៅតាមច្បាប់ក្នុងស្រុក៕