អ្នកស្រុកនៅក្នុងតំបន់សង្រ្គាម ហ្កាហ្សា បានឡើងលើគំនរកម្ទេចថ្មនៅតំបន់ភាគខាងត្បូង ក្នុងទីក្រុង Khan Younis ដែលត្រូវបានបំផ្លិចបំផ្លាញ ស្វះស្វែងរកសម្លៀកបំពាក់ ស្បែកជើង និងអ្វីៗគ្រប់យ៉ាងដែលអាចលក់បាន ដើម្បីប្រមូលប្រាក់ទិញម្សៅមីចិញ្ចឹមក្រពះ ខណៈរយៈពេលជាងមួយឆ្នាំចាប់តាំងពីអ៊ីស្រាអែល បើកការទម្លាក់គ្រាប់បែកឥតឈប់ឈរ។

ឪពុករបស់កូន៤នាក់ ឈ្មោះ មូអ៊ីន អាប៊ូ អូដេស (Moein Abu Odeh) បាននិយាយថា “ប្រសិនបើមានអាហារ និងភេសជ្ជៈគ្រប់គ្រាន់ យើងប្រាកដជាឱ្យសំលៀកបំពាក់ចាស់ៗទាំងនេះទៅអង្គការសប្បុរសធម៌ហើយ ប៉ុន្តែទុក្ខវេទនាដែលយើងកំពុងតែឆ្លងកាត់ បង្ខំឱ្យយើងត្រូវលក់ខោអាវរហែកចាស់ៗដើម្បីការហូបចុក"។

កង្វះខាតយ៉ាងទូលំទូលាយ និងជាច្រើនខែនៃសង្គ្រាមដ៏អូសបន្លាយ បានធ្វើឱ្យអ្នកស្រុកនាំគ្នាជួញដូរសម្លៀកបំពាក់ចាស់ៗ ដែលភាគច្រើនរើសពីលំនៅឋានរបស់អ្នកស្លាប់នៅក្នុងជម្លោះ។ នៅផ្សារបណ្តោះអាសន្នមួយ ស្បែកជើង អាវយឺត និងរបស់របរផ្សេងទៀតត្រូវបានដាក់លក់នៅលើភួយដែលពោរពេញដោយធូលី។

យុទ្ធនាការយោធារបស់អ៊ីស្រាអែល ចាប់តាំងពីការវាយប្រហារថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាស បានបំផ្លិចបំផ្លាញតំបន់ហ៊ុមព័ទ្ធនេះ ដោយបន្សល់ទុកនូវកម្ទេចកម្ទីប្រមាណ ៤២លានតោន ដែលធ្លាប់ជាផ្ទះអ្នកស្រុក វិហារអ៊ីស្លាម សាលារៀន និងទីតាំងអជីវកម្មជាដើម៕