វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារ (១៩ វិច្ឆិកា) នេះថា ការផ្លាស់ប្តូរចំពោះគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវបានចងក្រងឡើងរួចរាល់ ហើយនឹងផ្ដល់ភាពផ្លូវការតាមការចាំបាច់ ដែលនេះបង្ហាញពីសញ្ញាជាថ្មីម្តងទៀតនូវការព្រួយបារម្ភរបស់ទីក្រុងមូស្គូ ចំពោះការសម្រេចចិត្តចុងក្រោយរបស់សហរដ្ឋអាមេរិក លើការវាយប្រហារមីស៊ីលរបស់អ៊ុយក្រែន ចូលជ្រៅក្នុងទឹកដីរុស្ស៊ី។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS ថា "ចំណុចផ្លាស់ប្តូរក្នុងគោលការណ៍នុយក្លេអ៊ែរទាំងនោះ ត្រូវបានបង្កើតឡើងរួចរាល់ ហើយនឹងត្រូវផ្ដល់ភាពផ្លូវការ តាមស្ថានភាពចាំបាច់"។

វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ បានហៅការសម្រេចចិត្តដែលត្រូវបានរាយការណ៍ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិកចូលក្នុងទឹកដីរុស្ស៊ី ថាជារឿងមិនប្រុងប្រយ័ត្ន ហើយព្រមានថាទីក្រុងមូស្គូ នឹងឆ្លើយតប។

រុស្ស៊ី ដែលបានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំលើអ៊ុយក្រែន កាលពី ១.០០០ថ្ងៃមុន បានព្រមានម្តងហើយម្តងទៀតថា លោកខាងលិចកំពុងប្រលែងលេងជាមួយភ្លើង ដោយការសាកល្បងដែនកំណត់នៃអ្វីដែលមហាអំណាចនុយក្លេអ៊ែរអាច ឬមិនអាចអត់ឱនឱ្យបាន៕