កងការពារជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៥០នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានស្ត្រី និងកុមារ និងជាច្រើននាក់ទៀត បានរងរបួស កាលពីថ្ងៃចន្ទ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។

កងការពារជនស៊ីវិល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅលើលំនៅឋាន និងជម្រកសម្រាប់ជនភៀសខ្លួន នៅក្នុងទីក្រុង Beit Lahia និង Jabalia នៅភាគខាងជើងតំបន់ហ្កាហ្សា ជំរំ Nuseirat នៅភាគកណ្តាលហ្កាហ្សា និងទីក្រុង Khan Younis និងទីក្រុង Rafah នៅភាគខាងត្បូង។

កងការពារជនស៊ីវិលនេះ បាននិយាយថា ការងាររបស់ខ្លួន នៅតែត្រូវផ្អាកនៅទូទាំងតំបន់ហ្កាហ្សាភាគខាងជើង ដោយសារតែ«ការបន្តកំណត់គោលដៅ និងការឈ្លានពានរបស់អ៊ីស្រាអែល» ដែលបានធ្វើឲ្យពលរដ្ឋរាប់ពាន់នាក់ គ្មានការឆ្លើយតបផ្នែកមនុស្សធម៌ ការថែទាំផ្នែកវេជ្ជសាស្រ្ត និងការជួយសង្គ្រោះ។
ទន្ទឹមនឹងនេះ លោក Raed Al-Namas មន្ត្រីផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានប្រាប់អ្នកសារព័ត៌មាន នៅតំបន់ហ្កាហ្សាថា ប្រព័ន្ធសុខាភិបាលនៅភាគខាងជើង កាន់តែយ៉ាប់យ៉ឺនដោយសារតែកង្វះខាតការផ្គត់ផ្គង់ និងបុគ្គលិកពេទ្យ។
លោក Al-Namas បាននិយាយថា សេវាកម្មដែលបានផ្តល់ឲ្យ គឺតិចតួចបំផុត ហើយអ្នករងរបួស ១២.000នាក់ ត្រូវការការព្យាបាល នៅខាងក្រៅតំបន់ហ្កាហ្សាស្ទ្រីប។