អ្នកស្រាវជ្រាវអឺរ៉ុបម្នាក់បានលើកឡើងថា រូបភាពពីផ្កាយរណបបង្ហាញពីការពង្រីកដ៏ធំនៅបរិវេណចំនួន ៥កន្លែង ដែលរុស្ស៊ី បានបង្កើតម៉ាស៊ីនមីស៊ីលឥន្ធនៈរឹង ដែលបង្ហាញថា វិមានក្រឹមឡាំងមានផែនការជំរុញការផលិតមីស៊ីលយ៉ាងខ្លាំង ខណៈខ្លួនកំពុងបន្តសង្គ្រាមនៅអ៊ុយក្រែន។
លោក ហ្វាប៊ីយ៉ាន ហ៊ីនស៍ (Fabian Hinz) អ្នកស្រាវជ្រាវមានមូលដ្ឋាននៅអាល្លឺម៉ង់ មកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ដែលជាស្ថាប័នស្រាវជ្រាវផ្នែកសន្តិសុខពិភពលោក បានកំណត់មូលដ្ឋានមីស៊ីលរុស្ស៊ីនោះ ដោយប្រើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងវិភាគលើឯកសារចារកម្ម CIA សម័យសង្រ្គាមត្រជាក់ ដែលចុះបញ្ជីមូលដ្ឋាន ដែលសហភាពសូវៀតផលិតម៉ាស៊ីនមីស៊ីលឥន្ធនៈរឹង។
ទីតាំងទាំងនោះស្ថិតក្នុងសាធារណរដ្ឋ អាល់តៃ (Altai) នៅស៊ីបេរី ហើយនៅតំបន់ រ៉ូសថូវ (Rostov) នៅភាគខាងត្បូងរុស្ស៊ី រួមទាំងនៅខាងក្រៅទីក្រុងមូស្គូ ទីក្រុង សេន ភីធើស្បើក (St. Petersburg) និងនៅទីក្រុង ភើម (Perm) នៅភាគខាងលិចរុស្ស៊ី។
ការរកឃើញរបស់អ្នកស្រាវជ្រាវ Hinz បានកើតឡើង ស្របពេលដែលមន្ត្រីអាមេរិកនិយាយថា រុស្ស៊ីបានបង្ខំចិត្តងាកទៅរកកូរ៉េខាងជើង និងអ៊ីរ៉ង់ ដើម្បីបំពេញស្តុកមីស៊ីលដែលបាត់បង់ដោយសារជម្លោះជិត ៣ឆ្នាំ។ មន្រ្តីទ័ពជាន់ខ្ពស់របស់អ៊ុយក្រែន បាននិយាយកាលពីខែសីហាថា កងកម្លាំងរបស់ទីក្រុងមូស្គូ បានបាញ់មីស៊ីលច្រើនជាង ៩.៦០០គ្រាប់ ចាប់តាំងពីសង្រ្គាមចាប់ផ្តើមមក៕