ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា មេដឹកនាំប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង លោក Lee Jae-myung នៅថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) ត្រូវបានចោទប្រកាន់ថា មានទោស ក្រោមបទចោទប្រកាន់ថា លោកបានប្រើប្រាស់មូលនិធិសាធារណៈជាង ១០០លានវ៉ុន (៧១.៩០០ដុល្លារ) សម្រាប់គោលបំណងផ្ទាល់ខ្លួន នៅពេលដែលលោកកាន់តំណែងជាអភិបាលខេត្ត។
ជាមួយគ្នានេះ លោក Lee ដែលជាប្រធានគណបក្សប្រជាធិបតេយ្យ កំពុងប្រឈមរួចហើយជាមួយនឹងការកាត់ក្តីចំនួន ៤ករណីផ្សេងទៀត ក្នុងនោះរួមទាំងករណីស៊ីសំណូក និងការចោទប្រកាន់ផ្សេងទៀត ដែលភាគច្រើនជាប់ទាក់ទងនឹងរឿងអាស្រូវអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ។ ការតស៊ូផ្នែកផ្លូវច្បាប់នេះ បានធ្វើឲ្យមានភាពមិនច្បាស់លាស់លើជោគវាសនានយោបាយរបស់លោក ហើយអាចប៉ះពាល់ដល់ក្ដីសង្ឃឹម ក្នុងការប៉ុនប៉ង ដើម្បីឈរឈ្មោះប្រកួតប្រជែងតំណែងប្រធានាធិបតីបន្ទាប់។
បើយោងតាមសារព័ត៌មាន Yonhap បានឲ្យដឹងថា រដ្ឋអាជ្ញាបានចោទប្រកាន់លោក Lee ថា មានទោសពីបទរំលោភលើការចោទប្រកាន់ការជឿទុកចិត្ត ដោយចោទពីបទប្រើប្រាស់មិនត្រឹមត្រូវនូវទឹកប្រាក់ចំនួន ១០៦លានវ៉ុន ក្នុងថវិការបស់អ្នកបង់ពន្ធ អំឡុងឆ្នាំ ២០១៨-២០២១ ជាពេលដែលលោកធ្វើជាអភិបាលខេត្ត Gyeonggi នៅភាគខាងត្បូងនៃទីក្រុងសេអ៊ូល។
ដោយដកស្រង់ពីការិយាល័យរដ្ឋអាជ្ញាតំបន់ Suwon ដែលធ្វើការចោទប្រកាន់នេះ សារព័ត៌មាន Yonhap បានឲ្យដឹងបន្ថែមថា ការចោទប្រកាន់នេះ ក៏រាប់បញ្ចូលផងដែរទាំងការចោទប្រកាន់ ដែលថា លោកបានអនុញ្ញាតឲ្យភរិយារបស់លោក គឺលោកស្រី Kim Hye-kyung ប្រើប្រាស់រថយន្តរដ្ឋាភិបាល ក្នុងហេតុផលឯកជន ខណៈពេលដែលដាក់ស្លាកថា វាជាការប្រើប្រាស់ផ្លូវការ៕

