ក្រសួងការពារជាតិរបស់ប្រទេសទួរគី បានចែករំលែកវីដេអូនៃយានដ្រូន Bayraktar TB3 ផលិតក្នុងស្រុករបស់ប្រទេសទួរគី បានហោះឡើងនិងចុះចតលើនាវាប្រយុទ្ធដែលអាចធ្វើប្រតិបត្តិការបានទាំងលើគោកនិងក្នុងទឹក ដំបូងរបស់ប្រទេសគឺនាវា TCG Anadolu ។
ផែនការដំបូងរបស់ប្រទេសទួរគី គឺត្រូវដាក់ពង្រាយយន្តហោះប្រយុទ្ធប្រភេទ F-35 B ដែលអាចហោះចេញពីផ្លូវរត់ចម្ងាយជិត នៅលើនាវាចម្បាំងធំបំផុតរបស់ខ្លួន។

ប៉ុន្តែផែនការ ត្រូវផ្លាស់ប្តូរបន្ទាប់ពីសហរដ្ឋអាមេរិក បានដកប្រទេសទួរគីដែលជាសម្ព័ន្ធមិត្តរបស់សម្ព័ន្ធយោធាណាតូ ចេញពីកម្មវិធីយន្តហោះប្រយុទ្ធ F-35 របស់ខ្លួនជុំវិញការទិញប្រព័ន្ធការពារ S-400របស់រុស្ស៊ី កាលពីឆ្នាំ២០១៩។ ក្រោយមក ប្រទេសទួរគី បានផ្លាសប់ប្តូរនាវា TCG Anadolu ទៅជានាវាផ្ទុកយានដ្រូនវិញ។

ក្រុមហ៊ុនការពារជាតិប្រទេសទួរគី Baykar ជាក្រុមហ៊ុនផលិតយានដ្រូនប្រយុទ្ធរបស់ទួរគី បានបញ្ចប់ដោយជោគជ័យការសាកល្បងការចុះចត និងហោះចេញពីនាវា Anadolu។
យានដ្រូន Bayraktar TB2 កាលពីពេលមុនរបស់ក្រុមហ៊ុនBaykar ត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែនប្រឆាំងរុស្ស៊ី និងកងទ័ពអាស៊ែបៃហ្សង់ ប្រឆាំងប្រទេសអាមេនី។