កងកម្លាំងនគរបាលហ្សកហ្ស៊ី បានបំបែកការតវ៉ារបស់បក្សប្រឆាំងនៅរដ្ឋធានី ទីប៊ីលីស៊ី (Tbilisi) កាលពីព្រឹកថ្ងៃអង្គារ ១៩ វិច្ឆិកា ដោយចាប់ខ្លួនមនុស្សជាច្រើននាក់។

ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងរបស់ហ្សកហ្ស៊ីបានបោះជំរំតវ៉ានៅផ្លូវប្រសព្វក្បែរសាកលវិទ្យាល័យ ទីប៊ីលីស៊ី កាលពីយប់ថ្ងៃអាទិត្យ ១៧ វិច្ឆិកា ជាបាតុកម្មចុងក្រោយបង្អស់ដែលរៀបចំឡើងប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតសភាកាលពីខែមុន។

គណបក្សប្រឆាំងរបស់ប្រទេសហ្សកហ្ស៊ីបានបដិសេធមិនទទួលយកលទ្ធផលបោះឆ្នោតសភាកាលពីថ្ងៃទី ២៦ ខែតុលា ហើយបានចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតីនៃការបោះឆ្នោត។
លទ្ធផលផ្លូវការពីការបោះឆ្នោតថ្ងៃទី២៦ខែតុលា កន្លងទៅបានផ្តល់សំឡេងភាគច្រើន៥៤% ដល់គណបក្សក្ដីស្រមៃហ្សកហ្ស៊ី (Georgian Dream) ដែលគូប្រជែងរបស់ពួកគេនិយាយថា ខ្លួនចង់ដឹកនាំប្រទេសក្នុងតំបន់កូកាស(Caucasus)មួយនេះ ឱ្យឆ្ងាយពីអឺរ៉ុប ហើយត្រលប់ទៅគន្លងរបស់រុស្ស៊ីវិញ។

គណបក្ស ក្ដីស្រមៃហ្សកហ្ស៊ី ដែលត្រូវបានគេមើលឃើញថាស្មោះត្រង់នឹងស្ថាបនិកមហាសេដ្ឋី លោក Bidzina Ivanishvili និយាយថា ខ្លួនចង់ការពារប្រទេសពីឥទ្ធិពលបរទេសវិទ្ធង្សនា និងពីការអូសទាញចូលទៅក្នុងសង្រ្គាមជាមួយរុស្ស៊ីដូចជាអ៊ុយក្រែន។
បក្សនេះនិយាយថា ខ្លួននៅតែប្តេជ្ញាស្វែងរកអនាគតនៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែសហភាពអឺរ៉ុបនិយាយថា ខ្លួនបានបង្កកសំណើសុំចូលជាសមាជិករបស់ហ្សកហ្ស៊ី ដោយសារតែការព្រួយបារម្ភអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ៕